ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្ករក្រអូបកម្ពុជា ឈាន ចូល ផ្សារទំនើបដ៏ធំ លំដាប់លេខ១របស់សហគមន៍អឺរ៉ុប ក្រោយព្យាយាមអស់រយៈពេល ៥ឆ្នាំ

44

ភ្នំពេញ៖អង្ករក្រអូបកម្ពុជា ឈានជើងចូលទីផ្សារទំនើបធំ លំដាប់លេខ១ របស់សហគមន៍អឺរុបជាលើកដំបូង ដែលមានឈ្មោះថា លីដល (Lidl) បន្ទាប់ពីកម្ពុជា បានព្យាយាមចាប់យកទីផ្សារនេះ អស់រយៈពេល៥ឆ្នាំមកហើយ។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករក្រអូប ទៅកាន់ផ្សារទំនើបលំដាប់ទី១ នៅអ៊ឺរ៉ុបនេះ បានឱ្យដឹង ថា លីដល (Lidl) គឺជាក្រុមហ៊ុនធំលំដាប់លេខ១នៅអឺរ៉ុប និងមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុននេះ មានសាខាគ្របដណ្តប់ទូទាំងពិភពលោក។ ហេតុដូចនេះហើយ លោករំពឹងថា ផ្សារទំនើបមួយនេះ នឹងអាចស្រូបយកអង្ករកម្ពុជា ក្នុងបរិមាណច្រើនក្នុងមួយឆ្នាំៗ។

លោកបានលើកឡើងថា នេះជាគឺមោទនភាពមួយ ដែលផ្សារទំនើបមួយនេះ បានបញ្ជាទិញដោយផ្ទាល់ជាលើកដំបូង និង វេច ខ្ចប់ជាផលិតផលសម្រេច ព្រមទាំងដាក់ឈ្មោះសម្គាល់ ថាជាផលិតផលកម្ពុជា។

ឧកញ៉ា សុង សារ៉ន បានឱ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលីដូ បានចាប់ផ្តើមទិញសាកល្បងពីក្រុមហ៊ុន អេមរុរ៉ាយស៍ ប្រមាណ២០០០តោន ជាប្រភេទអង្ករក្រអូប០១ និងកំពុងសំលឹងមើលទិញពីក្រុមហ៊ុនកម្ពុជាផ្សេងទៀត ដើម្បីឱ្យគ្រប់តាមតម្រូវការដែលគេចង់បាន។

បើតាមឧកញ៉ា សុង សារ៉ន ការបញ្ជាទិញនេះ បន្ទាប់ពីក្រុមហ៊ុននេះបានមកសិក្សា ពីគុណភាពអង្ករ និងប្រព័ន្ធផ្គត់ផ្គង់ជូនក្រុមហ៊ុន។ ក្រោយបានសិក្សា និងបានយកអង្ករកម្ពុជាទៅពិសោធន៍ ឃើញថា អង្ករកម្ពុជាមានគុណភាពល្អ មានកម្រិតភាពសុទ្ធខ្ពស់រហូតដល់ជាង៩០% ស្របពេលដែលកម្រិតជាតិពុលស្ទើតែគ្មាន។ តាមរយៈនេះ លោកបានដាក់ក្តីសង្ឃឹមខ្ពស់ថា ក្រុមហ៊ុននេះ នឹងបន្តបញ្ជាទិញបន្ថែមទៀត ដែលលោករំពឹងថា ក្នុងមួយឆ្នាំទីផ្សារនេះ នឹងបញ្ជាទិញអង្ករពីកម្ពុជា ប្រមាណ៦ម៉ឺនតោន ។

ដើម្បីចាប់យកទីផ្សារនេះ ឧកញ៉ា សុង សារ៉ន បានវិនិយោគប្រមាណជាង៣លានដុល្លារ និងការជួយជ្រុំជ្រែងពីរាជរដ្ឋាភិបាល ដើម្បីផលិតអង្ករតាមបច្ចេកវិទ្យាថ្មី ឱ្យត្រូវតាមស្តង់ដារគុណភាព ដែលផ្សារទំនើបមួយនេះ និងទីផ្សារអន្តរជាតិចង់បាន និងមានទំនុកចិត្ត។

ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា ការឈានជើងចូលទីផ្សារនេះ នឹងជួយដល់វិស័យស្រូវអង្ករនៅកម្ពុជា ពោលគឺជួយឱ្យកសិករផលិតស្រូវដែលមានស្តង់ដារពិតប្រាកដ ដើម្បីបំពេញតម្រូវការដល់ទីផ្សារនេះ។ លើសពីនេះទៅនេះ ការដាក់លក់អង្ករនៅក្នុងផ្សារទំនើបមួយនេះ ក៏នឹងជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា និងទាក់ទាញភ្ញៀវទេសចរមកផងដែរ តាមរយៈម៉ាកសញ្ញាសម្គាល់ «Made in Cambodia»ខណៈដែលកន្លងការលក់ចេញទៅអឺរ៉ុប ឬចិន ស្ទើតែមិនបានដាក់ឈ្មោះសម្គាល់អង្ករកម្ពុជានោះទេ។

លោកជំរុញឱ្យកសិករ បង្កើនការដាំប្រភេទអង្ករសែនក្រអូប ដោយក្រុមហ៊ុនអេមរុរ៉ាយស៍ នឹងទទួលទិញពីជាប្រជាកសិករ។

លីដល (Lidl) គឺជាហាងលក់រាយអាហារឈានមុខគេមួយនៅអឺរ៉ុប ដែលត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៣២ មានទីស្នាក់ការកណ្តាលនៅប្រទេសអាឡឺម៉ង់។ បច្ចុប្បន្ននេះ លីដល (Lidl) មានហាងចំនួន ១១ ៥០០នៅទូទាំងទ្វីបអឺរ៉ុប និងពង្រីកទៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១៧ ដោយបច្ចុប្បន្ននេះមានហាងចំនួន ១៦៥ ដែលបម្រើអតិថិជនអាមេរិក និងមានហាងជិត ១០០០ នៅទូទាំងប្រទេសអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង