ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់

20

កំពង់ចាម៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ដែលមានដូចជា៖ ថ្មស្អុយ ឧបករណ៍ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះ នឹងអ្វីដែលឧបករណ៍នេសាទហាមឃាត់ ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា) យើងត្រូវរួមគ្នាទុកត្រីឱ្យធំ ឱ្យវាបានពង ឱ្យវាញាស់ឡើង កុំចាប់វា កុំបំផ្លាញវា ព្រោះត្រីគឺជាប្រភពអាហារដ៏ចម្បងមួយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រៅពីការអំពាវនាវដូចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹង ទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទន្ទឹមនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប គួរបង្កើនការផ្សព្វផ្សាយ ការអប់រំ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

បន្ថែមពីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពសហគមន៍ នេសាទក្នុងការគ្រប់គ្រងការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» និងត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ទាំងអស់ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និង ព្រៃកោងកាង ដើម្បីគាំទ្រជីវភាពប្រជានេសាទ និង កាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខ សម្រាប់ទ្រទ្រង់ជីវភាព៕

អត្ថបទដែលជាប់ទាក់ទង