ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ន ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយម ដែលនឹងបើកការដ្ឋានចំថ្ងៃខួបកំណើតសម្តេចតេជោ ហ៊ុន សែន

19

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយម។ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឱ្យគម្រោងចេញជារូបរាង។

ថ្លែងក្នុងឱកាសអញ្ជើញលែងកូនត្រី ១.៥លានក្បាល ចូលបឹងធំក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិ បតី ហ៊ុន ម៉ាណែត បានអរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនេះ ពិសេសជាងគម្រោងផ្សេងៗ ត្រង់ថាវាបានបញ្ជាក់ពីស្មារតីជាតិនិយម លើកលែងតែអ្នកជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសទេក្រៅពីនោះស្មារតីតែមួយ សូម្បីតែគណបក្សផ្សេងគ្នា មាននិន្នាការផ្សេងគ្នា ក៏ចេញមកគាំទ្រគម្រោងព្រែកជីកមួយនេះ ព្រោះគេដឹងថា ជាផលប្រយោជន៍របស់កូនចៅខ្មែរទាំងអស់មិនថាបក្សណាទេ។ នេះជាគម្រោងពិសេសមួយ ដែលយើងត្រូវរួមគ្នា ហើយខ្ញុំសូមអរគុណ»

នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ ហ៊ុន សែន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដោយកូនខ្មែរ ដើម្បីកូនខ្មែរសម្រាប់អនាគត។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់  «ព្រែកជីកហ្វូណនតេជោ»តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង