ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ៖ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរនិងកម្លាំងត្រូវយកចិត្តទុកដាក់អនុវត្ត

20

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរនិងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់មិនអោយមានការចោលសំរាម ចោលកំទេចសំណង់នានាចូលទៅក្នុងទន្លេ។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី០១កក្កដា២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម បានបន្តថា៖ ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបអោយខ្លាំងក្លាដើម្បីធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះអោយទទួលបានជោគជ័យ ពិសេសគឺធ្វើអោយភូមិ សង្កាត់មានសុវត្ថិភាព។

   ឯកឧត្ដមអភិបាលបានសង្កត់ធ្ងន់ថា៖ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃអោយបានខ្លាំង ដើម្បីឈានទៅលប់បំបាត់អោយអស់។ ទប់ស្កាត់ការយកភាស៉ី ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។

  ឯកឧត្ដមឃួង ស្រេង បានបន្ថែមទៀតថា៖ ចំពោះមន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះអោយអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើជាគម្របបៃតងអោយបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។ ជាមួយនិងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។

  ឯកឧត្ដមអភិបាលរាជធានី បានបញ្ជាក់ផងដែរថា៖ ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញ ចូលតែមួយពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើអោយទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង។

  លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ដែលធ្វើអោយក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលុបបំបាត់បាន១០០%ហើយ៕

អត្ថបទដែលជាប់ទាក់ទង