ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន សុរិទ្ធីថា៖ សម្តេចធិបតី ហ៊ុន ម៉ាណែតយកចិត្តទុកដាក់លើគ្រប់វិស័យ ពិសេសវិស័យសន្តិសុខជាតិ ដោយវិស័យនេះ វាជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអោយរីកចំរើន

36

ភ្នំពេញ៖ក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តរបស់ក្រុមការងារទី១ នៃក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤

ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ និងឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

    ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់លើគ្រប់វិស័យ ពិសេសវិស័យសន្តិសុខជាតិ ដោយវិស័យនេះ វាជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអោយរីកចំរើន។

  ឯកឧត្តម ហ៊ុន សុរិទ្ធី បានបន្តថា៖ លក្ខណសម្បត្តិទាំង ០៧ចំណុច នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”គឺ ១- ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

២- គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣- មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

៤- គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ

និងគ្មានក្មេងទំនើង។

៥- ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦- មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

   ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍លើកឡើងថា៖ នៅ៦ខែដើមឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ បានអនុវត្តនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងម៉ឹងម៉ាត់ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ រក្សាបានសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ។ រក្សាសន្តិសុខ សណ្តាប់យ៉ាងល្អប្រសើរផងដែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អ ប្រសើរ គួរជាទីមោទនៈ។

   ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍បន្តទៀតថា៖ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនៅគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ ទប់ស្កាត់បទល្មើស បើមានបទល្មើសកើតហើយ ទើបយើងបង្ក្រាប វាមិនល្អជាងការបង្ការ ទប់ស្កាត់ជាមុននោះទេ។ ដើម្បីអោយប្រជាពលរដ្ឋមានសន្តិសុខ លុះត្រាតែកម្លាំងអាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ រក្សាបាន

សន្តិសុខ។ សន្តិសុខ សណ្តាប់ធ្នាប់ផ្តើមចេញបុគ្គលខ្លួនឯង បើបុគ្គលខ្លួនឯង មានសន្តិសុខ អាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ មានសន្តិសុខ នោះប្រទេសជាតិទាំងមូលក៏មានសន្តិសុខពេញបរិបូរណ៍ដែរ។

  ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ក្នុង១ឆ្នាំៗ សម្លាប់មនុស្សជាង២០០០នាក់ ដែលជាមធ្យមក្នុង១ថ្ងៃសម្លាប់មនុស្សប្រមាណ៥នាក់។ ក្នុងនាមជាសមត្ថកិច្ចយើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណា កាត់បន្ថយអោយបាននូវអត្រាមរណៈភាពអោយនៅក្រោម៥នាក់ក្នុងមួយថ្ងៃ។

  ឯកឧត្តមសង្ឃឹមថា អាជ្ញាធរ រាជធានីភ្នំពេញនឹងខិតខំបំពេញការងារអោយកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រោះយើងជាអ្នកបំរើពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង