ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអភិបាលខេត្តកំពង់ស្ពឺថ្មី ត្រូវយកចិត្តទុកដាក់លើកកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ក្មេងទំនើង និងហាមកុំឲ្យពង្រីកល្បែងស៊ីសងក្នុងមូលដ្ឋាន

25

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នៅសាលាខេត្តកំពង់ស្ពឺឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ស្ពឺ ថ្មីឯកឧត្ដមជាម ច័ន្ទសោភ័ណ ជំនួសឯកឧត្ដម វ៉ី សំណាង ដែលត្រូវទៅកាន់មុខតំណែងជា អភិបាលខេត្តតាកែវ។

        ក្នុងពិធីនោះក៏មានវត្តមានចូលរួម អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង៩ ព្រមទាំងមន្ត្រីរាជការជាច្រើន បានចូលរួម។

ក្នុងឱកាសនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្នើឲ្យអភិបាលខេត្តកំពង់ស្ពឺថ្មី ត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍន៍ និងធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿចិត្ត កុំធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងរដ្ឋបាលខេត្តទាំងមូល ធ្វើយ៉ាងណាត្រូវមានការសហការគ្នាឲ្យបានរលូន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ៖មាន២ចំណុចដែលចាប់អារម្មណ៍ខ្លាំងបំផុតក្នុងខេត្តកំពង់ស្ពឺកន្លងមក គឺហាមដាច់ខាតផ្សព្វផ្សាយលើប៉ាណូទីសាធារណៈចំពោះគ្រឿងស្រវ៉ឹង នេះហើយដែលជាគោលបំណងកាត់បន្ថយ គ្រោះថ្នាក់ចារចរណ៍ ដែលសម្លាប់ពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ និងមួយទៀតគឺការទាក់ទាញអ្នកវិនិយោគរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលខ្លាំងផ្នែករោងចក្រ ដែលខេត្តកំពង់ស្ពឺមានអ្នកវិនិយោគចាប់ពីចំនួន ៥លានដុល្លារឡើង ជាខេត្តជាប់លេខ១។ កក្តានេះជំរុញឲ្យមានកំណើនសេដ្ឋកិច្ចតាមជនបទ ដោយសារតែពលរដ្ឋមានការងារធ្វើ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រូវបន្តការងារបង្ក្រាបការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការចាប់ជំរិតមនុស្ស ដែលប្រើរូបភាពអាសអាភាស ។ល។ ជាងនេះអង្គភាពពាក់ព័ន្ធត្រូវត្រួតពិនិត្យ និងឈានទៅបង្ក្រាប ឲ្យបានការជួញដូរមនុស្ស និងបទល្មើសផ្សេងដែលកើតឡើង។ ដូចគ្នាចំពោះពាក់ព័ន្ធការជួញដូរអាវុធជាតិផ្ទុះ គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ សហការដោយយកចិត្តទុកដាក់ចំពោះការកែច្នៃអាវុធចាស់ទៅជាថ្មី ហើយលក់ទៅឲ្យប្រទេសជិតខាងយើង សូមកុំឲ្យកើតមានឡើយ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ថ្លែងឲ្យជំនាញត្រួតពិនិត្យលើបញ្ហាការនាំឱថសក្លែងក្លាយ ឬឱថសហួសសុពលភាពពីបរទេសមកលក់ និងព្យាបាលឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ ដូច្នេះក្នុងរឿងនេះមន្ត្រី កងកម្លាំងទាំងអស់ត្រូវពង្រឹងការងារទប់ស្កាត់បញ្ហានេះឲ្យបាន។

ដោយឡែកបញ្ហាអន្តរជាតិវិញ,ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា បញ្ហាសង្គ្រាម វាជារឿងមួយដែលធ្វើឲ្យយើងជួបវិបត្តិសេដ្ឋកិច្ច តែមួយទៀតបញ្ហាព័ត៌មានវិជ្ជា រួមផ្សំទាំងព័ត៌មានក្លែងក្លាយបំពុលសង្គម បានវិវត្តខ្លួនធ្វើឲ្យពលរដ្ឋ បានបាត់បង់លុយកាក់ តាមរយះការឆបោកតាមគ្រប់រូបភាពនៃប្រព័ន្ធឡនឡាញ ដែលទាមទាឲ្យកងកម្លាំងសន្តិសុខទូទៅត្រូវគ្រប់គ្រងឲ្យបាន ដែលត្រូវមានបទពិសោធច្បាស់លាស់បំផុត។

ជារួម និងដោយឡែកខេត្តកំពង់ស្ពឺ ចំពោះបញ្ហាភូមិ-ឃុំមានសុវត្តិភាព នោះគឺការប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ការទប់ស្កាត់ អនុវត្ត៣ចំណុច ហើយត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្រុមក្មេងទំនើង អនុវត្តច្បាប់ឲ្យតឹងរឹង សំដៅឲ្យពួកគេគោរពច្បាប់ ខ្លាចច្បាប់ បង្ក្រាបក្រុមល្បែងស៊ីសង គឺមិនអនុញ្ញាតឲ្យពង្រីកទីតាំងបន្ថែមទៀតបានឡើយ។ ក្នុងនោះហាមដាច់ខាតការស្នើសុំលើកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំឲ្យពលរដ្ឋបង្កើត អាខោនលេងល្បែងតាមឡនឡាញ ។ល។ ទោះបីជ្រកក្រោមល្បែងស្របច្បាប់ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង