ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ សមាសភាពអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការសមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តស្វាយរៀង

18

ស្វាយរៀង៖ឯកឧត្ដមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាព អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជានៅខេត្តស្វាយរៀង។

ពិធីនេះបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, ឯកឧត្ដមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, ឯកឧត្ដមឌី វិជ្ជា ប្រធានគណៈកម្មាធិការ ស.ស.យ.ក.ខេត្តស្វាយរៀង, លោក ហេង សុខណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក ព្រមទាំងសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ចំនួន៤៣៥រូបផងដែរ។

ឯកឧត្ដម ឌី វិជ្ជា បានថ្លែងថា រយៈពេលជាង១៤ឆ្នាំកន្លងទៅនេះ សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង បានខិតខំរៀបចំរចនាសម្ព័ន្ធ កសាងយុវជនបន្តវេន និងកម្លាំងស្នូលដ៏សំខាន់ៗ ប្រកបដោយមនសិកាក្នុងការតភ្ជាប់ចលនាមហាជន យុវជន សំដៅនូវកម្លាំងមូលធនមនុស្សដ៏ទូលំទូលាយ ដើម្បីចូលរួមរាល់សកម្មភាពសង្គម និងមនុស្សធម៌ សម្រេចបាននូវសមិទ្ធផលជាច្រើន។ រចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង មានពីថ្នាក់ខេត្ត វិស័យមន្ទីរ-អង្គភាពជុំវិញខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ វិទ្យាល័យ និងថ្នាក់ភូមិ ដែលមានចំនួនសកម្មជនសរុប១១,៧៧០នាក់។

ឯកឧត្ដមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមលោកផ្ទាល់ សូមថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងទាំងអស់ ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងបុព្វហេតុសង្គមប្រកបដោយឆន្ទៈ និងការលះបង់ខ្ពស់ រួមចំណែកគាំទ្រដល់ ការបម្រើឲ្យកិច្ចការសង្គម និងការអភិវឌ្ឍនានានៅមូលដ្ឋាន ដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ជាមួយគ្នានេះ ឯកឧត្ដមហ៊ុន ម៉ានី បានចែករំលែកជាមួយសមាជិក សមាជិកា ស.ស.យ.ក. ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកា គ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំនៅប្រវត្តិសាស្រ្តដែលជាមេរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃនៃសុខសន្តិភាព។

ផ្សាភ្ជាប់ជាមួយនឹងការលើកឡើងខាងលើ ឯកឧត្ដមហ៊ុន ម៉ានី បានគូសបញ្ជាក់ទៅកាន់អង្គពិធីអំពីសកម្មភាពចំបង ក្នុងនាមយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺប្រជាជាតិ និងប្រជាជនដោយ លោកបានសង្កត់ធ្ងន់ថា «រាល់ការប្រមាថព្រះមហាក្សត្រក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន»

ឯកឧត្ដមហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តស្វាយរៀងទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង