ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានដាក់ផែនការរំដោះផ្ទៃដីមានមីន បន្ថែមនៅក្នុងខេត្តចំនួន២ ឧត្តរមានជ័យ និងព្រះវិហារសម្រាប់ឆ្នាំ២០២៤-២០២៥

31

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា៖ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(២០២០-២០២៥) បានផ្តោតលើខេត្តចំនួន៣ គឺបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងបានពង្រីកការបោសសម្អាតមីន បន្ថែមនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ។ ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានបញ្ជាក់បែបនេះខណៈឯកឧត្ដម តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោស សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ឆ្នាំ២០២៤  . នៅថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា ។

     កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី  Chintana Vongpaseuth លេខាទី១ នៃស្ថានទូតអូស្រ្តាលី, លោក Mun Bae-um លេខាទី២នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក Matthew Allen លេខាទូតទី១ នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ និងលោក Shin YongHwa នាយករងភ្នាក់ងារKOICA ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីក្រុមការងាររៀបចំផែន ការសកម្មភាពមីន ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

   ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរស ជូនចំពោះអង្គការUNDP រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណ រដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ក្នុង ចំណោមប្រទេស និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានចូលរួមគាំទ្រការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

     ឯកឧត្តម លី ធុជ បានលើកឡើងថា គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២០-២០២៥) បានផ្តោតលើខេត្តចំនួន ៣ គឺបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងបានពង្រីកការបោសសម្អាតមីន បន្ថែមនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ មានថវិកាសរុប ២៣,៨៥ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សាធារណៈរដ្ឋកូរ៉េ(KOICA) និងUNDP ។ គម្រោងនេះ គាំទ្រលើសកម្មភាពចំនួន ៣ រួមមាន ទី១៖ ប្រតិបត្តិការបោសសម្អាតមីន ទី២៖ ការអប់រំការយល់ដឹងពីមីន ការជួយជនរងគ្រោះ ការ បញ្ជ្រាបយេនឌ័រ ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការ ប្រមូល ការផ្សព្វផ្សាយទិន្នន័យ និងទី៣៖ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីន។

      ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០០៦ ដល់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនក្រោមគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលសម្រេចបាន ៣៦០ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១,២ លាននាក់ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសកម្ពុជា។ មីនប្រឆាំងមនុស្ស ៧៦៦៥៤ គ្រាប់ មីន ប្រឆាំងរថក្រោះ ១៥៣១ គ្រាប់ និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះដទៃទៀត ២១៩៣៨៥ ត្រូវបានរកឃើញ និងកម្ទេចចោល។    

          ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ការ បោសសម្អាតមីនសម្រេចបាន៧,៦ គីឡូម៉ែត្រការ៉េ ស្របតាមផែនការ និងគ្រោងបោសសម្អាត១០,៤ គីឡូម៉ែត្រការ៉េទៀត សម្រាប់ឆមាសទី២ឆ្នាំ២០២៤។ ការងារផ្សព្វ ផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ការងារបង្កើនសមត្ថភាព ការងារសង្គ្រោះជនរងគ្រោះដោយសារមីន ការងារបញ្ជា្របយេនឌ័រ និងការងារផ្សេងៗទៀត ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។ ជាមួយគ្នានោះ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤នេះ  ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាពការងារដោយផ្តោតទៅលើ អាទិភាពចំនួនបី៖ ទី១.ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា ។ ទី២.ពង្រឹងការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) និងទី៣.ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះក៏មានការលើកឡើងអំពីការធានាភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាផងដែរ។  ក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលទាំងអស់ បានសម្តែងនូវការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ភាពជោគជ័យ ក្នុងការដឹកនាំ និងដោះស្រាយបញ្ហាសកម្ម ភាពមីនរយៈពេលជាង ៣០ឆ្នាំកន្លងនេះ ព្រមទាំងប្តេជ្ញា បន្តរៀបចំផែនការរយៈពេលវែងរបស់ខ្លួន ក្នុងការគាំទ្រដល់ផែនការយុទ្ធសាស្រ្តសកម្មភាពមីនរបស់រាជរដ្ឋាភិបាលកម្ពុជា តទៅមុខទៀត  ដើម្បីអាចឱ្យកម្ពុជាអស់ការគំរាមពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

សូមបញ្ជាក់ថា៖  រយៈពេល៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជា រំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន៣០២៤ គីឡូម៉ែត្រការ៉េ រកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លាន គ្រាប់ និងមានអ្នកទទួលផលជាច្រើនលាននាក់។ ទន្ទឹមនឹងនោះ កម្ពុជា បានដាក់ផែនការរំដោះផ្ទៃដីមានមីនទំហំ២០០គីឡូម៉ែត្រការ៉េ សម្រាប់ឆ្នាំ២០២៤-២០២៥។ កម្ពុជា ស្ថិតក្នុង ចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕

                  ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង