ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន រំជួលចិត្តយ៉ាងខ្លាំងចំពោះមរណភាពលោក Roland Dumas អតីតរដ្ឋមន្ត្រីការបរទេស និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង ដែលបានជួយកម្ពុជាបង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស

34

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតមួយច្បាប់ជូនលោក Laurent Fabius ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ទីក្រុងប៉ារីស ប្រទេសបារាំង ដោយបង្ហាញការរំជួលចិត្តយ៉ាងខ្លាំងចំពោះមរណភាពលោក Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង ដែលធ្លាប់បានជួយកម្ពុជា បង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ចុះហត្ថលេខា នៅឆ្នាំ១៩៩១។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖«ក្នុងនាមប្រជាជនកម្ពុជាទាំងអស់និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ និងប្រកបដោយក្តីរំជួលចិត្តយ៉ាងខ្លាំងជាមួយនឹងឯកឧត្តម ចំពោះមរណភាពឯកឧត្តម Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។

ប្រជាជនកម្ពុជាភ្ជាប់ឈ្មោះ ឯកឧត្តម Roland Dumas ទៅនឹងភាពជោគជ័យនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជាដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ១៩៩១។ សកម្មភាពដ៏ហ្មត់ចត់ និងប្តូរផ្តាច់របស់ឯកឧត្តមRoland Dumas បានអនុញ្ញាតឱ្យបង្កើតមានឡើងនូវលក្ខខណ្ឌ អំណោយផលសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ និងបង្កើតក្របខណ្ឌសម្រាប់ការកសាងប្រទេសរបស់ខ្ញុំឡើងវិញ បន្ទាប់ទទួលរងការបំផ្លិចបំផ្លាញ ដោយសង្គ្រាមជាងម្ភៃមួយឆ្នាំ និងជម្លោះហែកហួរគ្នា។

ខ្ញុំមានឱកាសដ៏រីករាយបានជួបឯកឧត្តម Roland Dumas លើកចុងក្រោយ ក្នុងអំឡុងពេលមុនឯកឧត្តមចូលកាន់តំណែជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅឆ្នាំ១៩៩៥ និងបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់របស់ជនរួមជាតិរបស់ខ្ញុំ ចំពោះមិត្តភាព ដែលឯកឧត្តម Roland Dumas មានចំពោះ ព្រះរាជាណាចក្រកម្ពុជា»

អត្ថបទដែលជាប់ទាក់ទង