ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Masoud Pezeshkian ជាប់ឆ្នោតជា ប្រធានាធិបតីថ្មីនៃប្រទេសអ៉ីរ៉ង់

51

តេហេរ៉ង់៖ក្រសួងមហាផ្ទៃនៃប្រទេសអ៉ីរ៉ង់ បានប្រកាសថា បេក្ខជនប្រកាន់និន្នាការកំណែទម្រង់និយម លោក Masoud Pezeshkian នាថ្ងៃសៅរ៍នេះ គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ ជុំទី២ ដែលជាជុំចុងក្រោយ ក្រោយផ្តួលបេក្ខជនអភិរក្សនិយម លោក Saeed Jalili។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤។

លោក Pezeshkian ទទួលបានសំឡេងគាំទ្រជាង១៦លានសំឡេង ខណៈលោក Jalili ទទួលបានជាង១៣លានសំឡេង ក្នុងចំណោម សន្លឹកឆ្នោតសរុប ប្រហែល៣០លានសន្លឹក ដែលត្រូវបានបោះ។ អត្រាប្រជាជនអ៉ីរ៉ង់មានសិទ្ធិបោះឆ្នោត ដែលបានទៅចូលរួមបោះជុំទី២នេះ គឺ៤៩.៨ ភាគរយ។ អត្រានេះ មិនជាខុសគ្នាប៉ុន្មានឡើយ ជាមួយនឹងអត្រា៤០ភាគរយ នៃប្រជាជនអ៉ីរ៉ង់មានសិទ្ធិបោះឆ្នោតសរុប ៦១លាននាក់ ដែលបានបោះឆ្នោត ក្នុងជុំទី១ ពោលវាគឺជាអត្រាទាបបំផុត ក្នុងចំណោមការបោះឆ្នោតរើសប្រធានាធិបតីអ៉ីរ៉ង់នានា ដែលត្រូវបានរៀបចំឡើង គិតចាប់តាំងពីបដិវត្តន៍អ៉ីស្លាម ឆ្នាំ១៩៧៩។ មុនការបោះឆ្នោតចាប់ផ្តើម មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានព្យាយាមអំពាវនាវឱ្យប្រជាជន ទៅចូលរួមបោះឆ្នោតឱ្យផុសផុលដែរ តែហាក់គ្មានប្រសិទ្ធភាព។

ក្នុងការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន លោក Pezeshkian ដែលជាបេក្ខជនកំណែទម្រង់និយមតែម្នាក់គត់ ដែលត្រូវបានអនុញ្ញាត ឱ្យឈរឈ្មោះប្រកួតប្រជែង បានឈ្នះសំឡេងគាំទ្រច្រើនជាងគេបង្អស់ គឺប្រមាណជា៤២ភាគរយ ខណៈលោក Jalili ដែលជាអតីតមន្រ្តីទទួលបន្ទុកចរចាបញ្ហា នុយក្លេអ៊ែរ ទទួលបានការគាំទ្រ ស្ថិតនៅចំណាត់ថ្នាក់ទី២ ជាមួយសំឡេង៣៩ភាគរយ។ ចំណែកឯ បេក្ខជន២នាក់ផ្សេងទៀត គឺប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bgher Ghalibaf ឈរនៅលេខរៀងទី២ ជាមួយសំឡេង១៣.៨ភាគរយ ខណៈបុព្វជិត ឈ្មោះ Mostafa Pourmohammadi ទទួលបានការគាំទ្រមិនដល់ សូម្បីតែ១ភាគរយ។

ការជាប់ឆ្នោតរបស់លោក Pezeshkian ដែលពីមុនមកមិនសូវមាននរណាស្គាល់ឡើយនោះ គឺជាការផ្តល់ក្តីសង្ឃឹមមួយ សម្រាប់ប្រជាជនអ៉ីរ៉ង់ទាំងឡាយ ដែលគាំទ្រការកែទម្រង់ បន្ទាប់ពីសាធារណរដ្ឋអ៉ីស្លាមមួយនេះ បានស្ថិតក្រោមការគ្រប់គ្រ ងរបស់ក្រុមអ្នកអភិរក្សនិយម និងអ្នកអភិរក្សនិយមជ្រុល អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទោះជាបែបនេះក្តី នៅក្នុងប្រទេសអ៉ីរ៉ង់ លោក Khamenei គឺជាបុគ្គលកំពូលដែលមានសិទ្ធិសម្រេច លើកាងារសំខាន់ៗគ្រប់យ៉ាងរបស់រដ្ឋ។ ប្រធានាធិបតីមានតួនាទី ដឹកនាំប្រតិបត្តិការប្រចាំថ្ងៃរបស់រដ្ឋាភិបាល និងអាចជះឥទ្ធិពលតិចតួចលើ ឥរិយាបថនៃគោលនយោបាយក្នុងស្រុក និងការបរទេសរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ដំបូងឡើយគឺត្រូវធ្វើឡើងនៅឆ្នាំ២០២៥ ឯណោះទេ ប៉ុន្តែវាបានប្រព្រឹត្តទៅមុន ពេលកំណត់បែបនេះ ដោយសារប្រធានាធិបតីលោក Ebrahim Raisi បានទទួលមរណភាព នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង