ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់

90

ភ្នំពេញ៖កម្ពុជា និងជប៉ុន ប្រកាសបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យរឹងរិតតែខ្លាំងក្លាថែមទៀត ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។

ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសជំនួបនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានជម្រាបជូនសម្តេចធិបតី អំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលប្រកបដោយភាព ជឿទុក ចិត្ត គ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែក អភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់អនាគតកាល រាជរដ្ឋាភិបាល ជប៉ុន នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល កម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន និងគណៈប្រតិភូនៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុង ប្រវត្តិនៃទំនាក់ ទំនង រវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធ សាស្រ្ត គ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួច ផ្តើមថ្មីៗ ក្នុង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួបនេះ សម្ដេចធិបតី និងលោកស្រីរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញកិច្ច សហប្រតិ បត្តិការទ្វេភាគី តាមអភិក្រមថ្មីលើវិស័យជាច្រើន រួមមាន៖

១៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ច សហ ប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការអភិវឌ្ឍលើ វិស័យ ឌីជីថល និងសន្តិសុខសាយប៊័រ។
២៖ កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ លំហ សមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅ ប្រែ ក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខ លំហ សមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេស ទាំងពីរ ក៏ដូចជានគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះ បណ្ដាល ធន ធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា។
៣៖ ការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោស សម្អាត មីន ដោយលោកជំទាវរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជាក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំ កិច្ច ប្រជុំ នៃអនុសញ្ញាអូតាវ៉ានេះ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានចូលរួម ចំណែក និងគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ។

បន្ថែមលើនេះ សម្តេចធិបតី និងលោកស្រីរដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីប្រទេស ជប៉ុនផងដែរ។

សម្ដេចធិបតី និងលោកស្រីរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងអបអរសាទរចំពោះការ ដំឡើង កម្រិត នៃកិច្ចសន្ទនារវាងវិស័យការពារជាតិ និងវិស័យការបរទេស និងកិច្ចសហប្រតិ បត្តិ ការ រវាងប្រទេសទាំងពីរ ដល់កម្រិតនៃថ្នាក់អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី និងលោកស្រីរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាអំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិសំដៅផ្ដល់នូវអត្ថប្រយោជន៍ ទៅវិញដល់ប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង