ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ព័ន្ធគណបក្សឆ្វេងនិយម ឈ្នះអាសនៈភាគច្រើន ក្នុងការបោះឆ្នោតសភាបារាំងជុំទី២

35

ប៉ារីស៖សម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី២ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ដោយបានផ្ដួលគណបក្សស្ដាំនិយមជ្រុល និងសម្ព័ន្ធគណបក្សរបស់លោកប្រធានាធិបតី Emmanuel Macron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

សម្ព័ន្ធគណបក្ស NFP ទើបតែត្រូវបានបង្កើតឡើងកាលពីខែមិថុនាកន្លងទៅតែប៉ុណ្ណោះ បន្ទាប់ពីលោក Macron ប្រកាសរំលាយសភា និងអំពាវនាវរៀបចំការបោះឆ្នោតសភា មុនអាណត្តិ។ សម្ព័ន្ធគណបក្សឆ្វេងនិយមនេះមានគណបក្សចូលរួមដូចជា Socialists, Greens, Communists និងគណបក្ស ឡាហ្វ្រង់អាំងស៊ូមី (La France Insoumise) ដែលជាបក្សឆ្វេងនិយមជ្រុលដឹកនាំដោយលោក ហ្សង់លុច មេឡុងសុង (Jean-Luc Mélenchon)។

បើតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យ សម្ព័ន្ធគណបក្សឆ្វេងនិយម ទទួលបាន ១៧៧អាសនៈ ដោយនាំមុខសម្ព័ន្ធគណបក្សរបស់លោក Macron ដែលទទួលបាន ១៤៨អាសនៈ ខណៈគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន ទទួលបាន១៤២អាសនៈ។

គួរបញ្ជាក់ថា តាមរយៈលទ្ធផលបោះឆ្នោតនេះ គ្មានគណបក្សណាមួយដែលទទួលបានសំឡេងភាគច្រើនដាច់ខាត ក្នុងរដ្ឋសភាបារាំងដែលមានអាសនៈសរុប ៥៧៧ នោះទេ។ ប៉ុន្តែ វាបានរុញច្រានបារាំងឱ្យធ្លាក់ចូលក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ខណៈសល់មិនដល់២ថ្ងៃទេ កិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោនចាប់ផ្ដើម ហើយ ៣សប្ដាហ៍ទៀត ទីក្រុងប៉ារីសនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា អូឡាំពិក៕

អត្ថបទដែលជាប់ទាក់ទង