ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជាក្នុងចំណោមប្រទេសអឺរ៉ុប

42

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ខណៈរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ ២០៦,៤១ លានដុល្លារអាម៉េរិក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ច កម្ពុជា-បារាំង ជាលើកទី២ ដែលរៀបចំឡើង ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប, ពាណិជ្ជកម្មទ្វេភាគី កម្ពុជាបារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់ សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។

សូមជម្រាបថា អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ទំនាក់ទំនងទ្វេភាគី បារាំង-កម្ពុជា មានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូប នៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជាថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីសករាជថ្មីមួយ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសបារាំង និងកម្ពុជា។ កិច្ចព្រមព្រៀងខាងលើ ក៏បង្ហាញឲ្យឃើញផងដែរពីការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការពង្រឹងវិស័យឯកជន៕

អត្ថបទដែលជាប់ទាក់ទង