ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរប្លន់ប្រដាប់អាវុធចំនួន១៥នាក់ ត្រូវនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបាន

40

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ ក្នុងសន្និសីទសារព័ត៌មាន មួយពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ ។

សន្និសីទសារព័ត៌មាននេះធ្វើឡើងដោយ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងនោះលោកវរសេនីយ៍ឯក អេង សោភា បានឱ្យដឹងថា ជនសង្ស័យទាំង ១៥នាក់ ពាក់ព័ន្ធនឹង ៣ករណី ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធ បានបើកប្រតិបត្តិការ ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេ ក្នុងចំណោម ៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយ៍ដ្ឋានមួយកន្លែងយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទាបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្លាំងនគរបាល តែងបើកការចុះបង្ក្រាបជានិច្ច នូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេស បទល្មើសលួច ឆក់ ប្លន់ ប្រដាប់ដោយអាវុធ ដែលជាបទល្មើសបង្កភាពភ័យខ្លាច និងបង្កអសន្តិសុខក្នុងសង្គមជាតិ។ កត្តាទាំងនេះ ជាអ្វីដែលកងកម្លាំងសមត្ថកិច្ច ត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខ និងរបៀបរៀបរយជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង