ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជោគជ័យ នៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាជោគជ័យ របស់អង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា

37

ព្រះវិហារ ៖ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីនរបស់ អង្គការ APOPO ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ គណៈប្រតិភូ UN អមដំណើរ រួមមាន លោកស្រី Ilene Cohn នាយក UNMAS, លោក Jo Scheuer ប្រធាន UN ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDPប្រចាំកម្ពុជា ។ដំណើរទស្សនៈកិច្ចនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្ដព្រះហារ ។

     លោក Jean-Pierre Lacroix បានលើកឡើងថា លោកមានកិត្តិយសដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ព្រមទាំងបានឃើញយ៉ាងច្បាស់ពីការរីកចម្រើន និងសមត្ថភាពដោះមីនរបស់កម្ពុជា ដែលត្រូវបានគេចាត់ទុកជាប្រទេសគំរូមួយ។

   លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ពីសមត្ថភាព និងជំនាញនៃការបោសសម្អាតមីនរបស់កម្ពុជា ហើយបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដោះមីនកម្ពុជា មិនត្រឹមតែបំពេញការងារក្នុងការបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងជួយដល់ជនរងគ្រោះនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌ និងរក្សាសន្តិភាពនៅក្រៅប្រទេស ទៀតផង។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការធានាបាននូវសុខសុវត្ថិភាព និងសន្តិភាពដល់បណ្តាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

      ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ  តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលរួមចំណែកដល់ដំណើរការរក្សាសន្តិភាព ក៏ដូចជាគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។

      ឯកឧត្តមបានបញ្ជាក់ថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលបាននិងកំពុងទទួលផលប្រយោជន៍ពីគម្រោងបោសសម្អាតមីនរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការសហប្រជាតិ នៅចម្ការមីនកំពុងបោសសម្អាតរបស់អង្គការ APOPO គាំទ្រពីប្រទេសបែលហ្សិក គឺជាផ្នែកមួយក្នុងការរួមចំណែកធ្វើឱ្យខេត្តព្រះវិហារប្រសើរឡើង និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានសុខសុវត្ថិភាពដល់សហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកកោះកេរ ៕    ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង