ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ៖ កម្ពុជា បន្តគាំទ្រគម្រោងរបស់ JMASជប៉ុន ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

51

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រគម្រោងរបស់JMASជប៉ុន ក្នុងសកម្មភាពបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហគមន៍ ក្រោយបោសសម្អាតរួច ។

  ឯកឧត្ដមបានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម ទទួលជួប ពិភាក្សាការងារជាមួយលោក YAMAZAKI Koji ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាព មីននៅកម្ពុជា។ នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។

      លោកYAMAZAKI Koji  ក៏បានអបអរសាទរកម្ពុជា ដែលបានធ្វើ ជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងដំណើរការរៀបចំកិច្ចប្រជុំនេះ។  លោក YAMAZAKI Koji បានលើកឡើងអំពីការគាំទ្ររបស់ JMAS រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ក្នុងសកម្ម ភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគ មន៍ក្នុងខេត្តបាត់ដំបង បន្ទាយ មានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា ៦៥គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលគ្រាប់មីនចំនួន២១១៨៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦៣៦៤ គ្រាប់។

      លោក YAMAZAKI Koji បានបន្តទៀតថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ។ ជាងនេះទៅទៀត លោកYAM AZAKI Koji បានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក។

       តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តចំនួន៣ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែងរបស់ JMAS ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។ ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្ម។

      ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពីដំណើរទស្សនកិច្ចសកម្មភាពរបស់ JMAS នៅក្នុងខេត្តស្ទឹងត្រែង នាចុងឆ្នាំ២០២១ ឯកឧត្តមបានឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងរបស់ JMAS ក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលពិតជាបានឆ្លើយ តបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍តាមកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យកសិកម្មដល់សហគមន៍ លើដីបោសសម្អាតរួច។

     ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចធិបតី នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងរបស់ JMAS ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវិភាពរស់ នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្រោយបោស សម្អាតមីនរួច ព្រមទាំងបានបញ្ជាក់ថា កម្ពុជា និងជប៉ុន នឹងបន្តរក្សានូវទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាលើវិស័យសកម្មភាពមីន៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង