ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង បញ្ជាក់ថា៖ គម្រោងរំដោះទឹកខាងលើនេះសំដៅបញ្ចប់បញ្ហាទឹកជន់លិចក្នុងរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ា ណែត

67

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ កក្កដានេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ​ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយប្រឡាយបារាំង និងការស្តារប្រឡាយមេ ក្នុងខណ្ឌមានជ័យ ដង្កោនិងសែនសុខ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១៣គម្រោង ដែលបាន និងកំពុងអនុវត្ត។

  ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ គម្រោងរំដោះទឹកខាងលើនេះសំដៅបញ្ចប់ បញ្ហាទឹកជន់លិចក្នុងរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដែលនៅរាជធានីភ្នំពេញមានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង។

   ឯកឧត្ដឃួង ស្រេង ក៏បានណែនាំអោយ ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ អោយបានធំទូលាយ និងមិនអនុញ្ញាត្តិអោយមានការ កាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។

  ចំណែកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន១៣គម្រោង ។

  លោកប្រធានមន្ទីរសាធារណការបានបន្តថា៖ ចំពោះគម្រោងទាំង ១៣នេះ ជាគម្រោងដែលបាននិងកំពុងអនុវត្តក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជា តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,ប្រឡាយបារាំង តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពន់,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែកជាដើម។

  លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ក្នុងចំនួន១៣គម្រោងដែលបាននឹងកំពុងអនុវត្តនេះ ក៏មានគម្រោងពង្រីកស្ថានីយ៍បូមទឹកឲ្យបានធំជាងមុន ដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសម្រាមនៅបឹងត្របែក ។សម្រាប់ ១៣គម្រោងនេះ គិតមកដល់ពេលនេះការដ្ឋានអនុវត្តសម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះពោធិចិនតុង បឹងទំពុននិងតំបន់ផ្សារដើមគរ។

  គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចក្នុងរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។

  ក្នុងនោះដែរតំណាងក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេនដែលទទួល អនុវត្ដការងារ បុកស៊ីផាយ និងដាក់លូជ្រុង បានឱ្យដឹងថា៖មកដល់ពេលនេះការងារទាំងមូលសម្រេចបាន១៦ ភាគរយហើយ លើការងារ ស្ដារ បុកស៊ីផាយប្រឡាយ រំដោះទឹកនិងដាក់លូជ្រុងនៅរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង