ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមលី ធុជ៖ ស្នើសុំឱ្យUNMAS គាំទ្រដល់វិស័យសកម្មភាពមីន ក្នុងបណ្តាប្រទេសដែលកំពុងរងផលប៉ះ និងមានតម្រូវការក្នុងការងារបោសសម្អាតមីន

45

ភ្នំពេញ៖. ឯកឧត្តមទេសរដ្ឋមន្រ្តីលី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានស្នើឱ្យUNMAS គាំទ្រដល់វិស័យសកម្មភាពមីន ក្នុងបណ្តាប្រទេសដែលកំពុងរងផលប៉ះ និងមានតម្រូវការក្នុងការងារបោសសម្អាតមីន ។

     ឯកឧត្ដម បានស្នើបែបនេះខណៈឯកឧត្ដម ទទួលជួបសម្ដែងការគួសម និងពិភាក្សាការងារ ជាមួយលោកស្រីIlene Cohn នាយិកាUNMAS (the United Nations Mine Action Service) ទទួលបន្ទុកផ្នែកប្រតិបត្តិការរក្សាសន្តិភាពចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីនកម្ពុជា ។

        ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា៖ ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ១៩៩២ ដែលមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត។

   ឯកឧត្តមបណ្ឌិត លី ធុជ បានបន្តទៀតថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងជាងគេក្នុងការងារបោសសម្អាតមីនរហូតដល់ ៤៥៦គីឡូម៉ែត្រការ៉េ និងត្រូវបានចាត់ទុកជាជោគជ័យមួយសម្រាប់វិស័យសកម្មភាពមីនសកល។ ទោះបីយ៉ាងណា កម្ពុជា នៅបន្តសេសសល់នូវតំបន់សង្ស័យមានមីន និងមានភាពស្មុគស្មាញជាច្រើន ដែលកិច្ចការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តយ៉ាងមុះមុត ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ដែលនៅសេសសល់ទាំងនោះ។

     ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើសុំឱ្យUNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ ផងដែរ។

     ក្នុងនាមតំណាងកម្ពុជាជាប្រធានម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិ លី ធុជ  បានស្នើសុំឱ្យលោកស្រីIlene Cohn នាយិកាUNMAS ជួយផ្សព្វផ្សាយ កៀរគរ និងទទួលបានការគាំទ្រលើផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូនទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្នុងខែតុលា ឆ្នាំ២០២៤ ខាងនេះ។

     ឯកឧត្តម លី ធុជ ប្រធាន(អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤) បានស្នើសុំឱ្យUNMAS គាំទ្រដល់សកម្មភាពធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញា ដើម្បីកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើសុំឱ្យ UNMAS គាំទ្រដល់វិស័យសកម្មភាពមីន ក្នុងបណ្តាប្រទេសដែលកំពុងរងផលប៉ះ និងមានតម្រូវការក្នុងការងារបោសសម្អាតមីន។

     លោកស្រី Ilene Cohn បានទទួលយកសំណើរបស់កម្ពុជា ហើយនឹងបន្តធ្វើការ ដើម្បីគាំទ្រដល់ការអនុវត្ត អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤  ៕ ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង