ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និងសមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី២

38

ភ្នំពេញ៖នាឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែង អំណរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិ ក និងសមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ីលើកទី២ នាឆ្នាំ២០២៤នេះ ខណៈកម្ពុជាទើបតែទទួលជោគជ័យលើការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាSEA Games លើកទី៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ២០២៣។

ក្នុងឱកាសនោះសម្តេចធិបតីបានសម្តែងក្តីរីករាយ ដោយបានមកចូលរួមក្នុង «ពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើស រើសជើងឯកអាស៊ីលើកទី២» នាពេលនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសដែលបានចូលរួម នាពេលនេះ។

សម្តេចធិបតីមានប្រសាសន៍ថែមទៀតថា «សូមអរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិកសមាគមយុទ្ធគុនចម្រុះអាស៊ីដែលបានផ្តល់ទំនុក ចិត្តដល់កម្ពុជា ក្នុងការរៀបចំ ការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី២។ ខ្ញុំសូមយកឱកាសនេះ រំលឹកឡើងវិញថា កម្ពុជាទើបតែបានរៀបចំ ការប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ ២០២៣ ដោយទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ »

សម្តេចធិបតីបានលើកឡើងបន្តថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ទន្ទឹមគ្នានេះ ព្រឹត្តិការណ៍ កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៀត ព្រឹត្តិការណ៍ប្រកួតកីឡា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និង មិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ៕

អត្ថបទដែលជាប់ទាក់ទង