ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ស្នើដល់បណ្ដាក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំសំណើដំឡើងស័ក្ដិមន្ដ្រីប្រចាំឆ្នាំ តាមកម្រិតសញ្ញាបត្រ

77

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឲ្យរៀបចំសំណើដំឡើងឋានន្ដរស័ក្ដិមន្ដ្រីប្រចាំឆ្នាំ ទៅតាមកម្រិតសញ្ញាបត្រ រួចបញ្ជូនមកក្រសួងមុខងារសាធារណៈ ឲ្យត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤។

ក្នុងលិខិតផ្ញើជូនរដ្ឋមន្ដ្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កន្លងទៅក្រសួងមុខងារសាធារណៈ បានទទួលសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្ដិ តាមកម្រិតសញ្ញាបត្រពីក្រសួង ស្ថាប័នមួយចំនួនរួចហើយ ដោយឡែកក្រសួង ស្ថាប័នមួយចំនួនទៀត ពុំទាន់បានធ្វើសំណើមក ក្រសួងមុខងារសាធារណៈនៅឡើយ។

ឯកឧត្ដមបន្ដថា ដើម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល និងដើម្បីអនុវត្តការដំឡើងថ្នាក់ ឋានន្តរស័ក្តិតាមកម្រិតសញ្ញាបត្រឲ្យបានទាន់ពេលវេលា សូមក្រសួង ស្ថាប័ន៍ ដែលមិនទាន់បានលើកសំណើ សូមរួសរាន់រៀបចំ និងដាក់ ស្នើមកក្រសួងមុខងារសាធារណៈ ឱ្យបានត្រឹមដំណាច់ខែសីហា និងត្រូវភ្ជាប់ឯកសារមួយចំនួន ដូចខាងក្រោម៖

ទី១៖ លិខិតស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់ក្រសួង ស្ថាប័នសាមី
ទី២៖ បញ្ជីរាយនាមមន្ត្រីរាជការស៊ីវិល ស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ
ទី៣៖ ភ្ជាប់ប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ដំឡើងថ្នាក់ ឋានន្តរស័ក្តិចុងក្រោយ
ទី៤៖ សញ្ញាបត្រ ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម។

ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ សូមរៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ដោយអនុលោមតាមបែបបទនីតិវិធីជាធរមានឲ្យបានត្រឹមដំណាច់ខែសីហា។

ករណីពុំបានរៀបចំតាមពេលវេលាដែលបានកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងមិនទទួលរៀបចំបែបបទបន្តឡើយ ហើយនឹងត្រូវលើកទៅធ្វើនៅឆ្នាំបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង