ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេងអញ្ជើញប្រកាស ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន៧០នាក់

49

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន៧០នាក់នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។

  ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង៧០នាក់ គឺក្នុងមួយខណ្ឌមានចំនួន៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន៣រូប។ ក្នុងនោះក៏មានសមាជិក២រូបបានសំរេចចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

  ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ យើងបានចូលមករួមរស់ជាមួយគ្នាហើយ ដូច្នេះយើងត្រូវរួមគ្នា ធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។សូមចូលរួមទាំងអស់គ្នា ដើម្បីអោយកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។ សម្រាប់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន សូមធ្វើចលនាអោយគេមករួមរស់ជាមួយគណៈបក្សប្រជាជនយើង។ ការសូមអោយមានចលនានេះ គឺដើម្បីអោយមានការឯកភាពតែមួយ មានឯកភាពជាតិតែមួយ នោះការអភិវឌ្ឍប្រទេសនឹងធ្វើឡើងដោយភាពរលូននិងលឿនបំផុត។ នេះជាការមើលឃើញរបស់គណបក្សប្រជាជនកម្ពុជា។

  ឯកឧត្ដម ឃួង ស្រេងបន្តថា៖ ការកសាងប្រទេសជាតិមួយរីកចំរើនរុងរឿងទៅបាន ទៀមទាអោយមានការបណ្តុះបណ្តាធនធានមនុស្សដើម្បីបន្តវេន ដូចដែលយើងបានមើលឃើញនៅពេលនេះ គឺសម្តេចហ៊ុន ម៉ាណែត បាននិងកំពុងបន្តវេនជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោ។ វាមិនធម្មតាពេកទេ ដើម្បីអោយប្រទេសកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០នោះ យើងត្រូវការសំខាន់បំផុតគឺធនធានមនុស្សនេះឯង។

  ឯកឧត្ដម ឃួង ស្រេងបានបន្តថា៖សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងណាស់ ក្រៅពីរំដោះអាយុជីវិតប្រជាពលរដ្ឋពីសេចក្តីស្លាប់នៅក្នុងរបបប៉ុលពត នូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជម្ងឺកូវីដ-១៩ ជាមួយនិងការគៀងគរអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើន នាំអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន ជាមួយនិងប្រជាពលរដ្ឋកម្ពុជាមានកាងារធ្វើ។

   ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានសូមសមាជិកយើងបើកបេះដូងទទួល សមាជិកថ្មីៗទៀត ដើម្បីរួមគ្នាបំពេញការងារជូនជាតិ រួមគ្នាជាចលនាជាតិតែមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង