ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពនៃការរុករកឧទ្ធម្ភាគចក្រដែល បាត់ការទាក់ទង ឈានចូលដល់ថ្ងៃទី៥ នៅមិនទាន់មានដំណឹងនៅឡើយ

70

ភ្នំពេញ៖ការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដាននៅតំបន់ជួរភ្នំក្រវាញ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ឈានចូលដល់ថ្ងៃទី៥ហើយ មិនទាន់មានដំណឹងនៅឡើយទេ។ នេះបើតាម ការឱ្យដឹងពី នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាយឧត្តមសេនីយ៍ បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃពុធ ទី១៧ ខែកក្កដាឆ្នាំ២០២៤នេះ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។ នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕

អត្ថបទដែលជាប់ទាក់ទង