ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ស ថេត ព្រមានដកតំណែងនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួកបង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ព្រោះតែចង់បានតំណែងគេ

81

បាត់ដំបង៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានធ្ងន់ៗ និងឈានដល់ដកតំណែងមន្ដ្រីនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួក ដើម្បីបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ក្នុងន័យចង់បានតំណែងដែលគេកំពុងកាន់កាប់ដើម្បីយកមកគ្រប់គ្រងខ្លួនឯងវិញ។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលខិតខូចដែលចង់បានតំណែងគេ ហើយប្រឌិតព័ត៌មានបង្កាច់បង្ខូច នឹងត្រូវដកតំណែងមុនគេតែម្ដង។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅពិតជាមានករណីនេះកើតឡើងមែន ដោយបុគ្គលមន្ដ្រីនគរបាលនោះប្រមូលផ្ដុំបែងចែកបក្ខពួក ហើយប្រឌិតព័ត៌មានទៅខាងក្រៅដើម្បីវាយប្រហារគេព្រោះតែតំណែង។

លោកសង្កត់ធ្ងន់ថា ការធ្វើរបៀបនេះជារឿងមិនត្រឹមត្រូវទាល់តែសោះ ហើយក៏ជារឿងដែលមិនគួរឲ្យកើតមាននោះដែរ។ ផ្ទុយទៅវិញ មន្ដ្រីនគរបាលគ្រប់រូបត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ និងបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។

លើសពីនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ន។ នេះបើតាមអ្វីដែលនាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវការណែនាំមួយចំនួនបន្ថែមទៀត ដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមមាន៖

-ពង្រឹងតួនាទី និងការទទួលខុសត្រូវក្នុងការដឹកនាំកងកម្លាំងនគរបាល ពោលត្រូវដឹងសុខទុក្ខមន្ត្រីក្រោមឱវាទ ។
-ពង្រឹងរបៀបរបបការងារ និងពិនិត្យមើលធនធាន រចនាសម្ព័ន្ធ។
-ត្រួតពិនិត្យវត្តមាន ការងារប្រចាំថ្ងៃ ប្រជុំប្រចាំខែដើម្បីត្រួតពិនិត្យ បែងចែកការងារ។
-រក្សាកម្លាំងដែលមានស្រាប់ហាមផ្ទេរចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល, វរការពារព្រំដែន និងអន្ដរាគមន៍
-ធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្ត កសាងផែនការ ធានាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តប្រមូលកម្លាំងសរុប មធ្យោបាយសរុប ដោយសហការជាមួយស្ថាប័នដទៃ។
-ជំរុញគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។
-អនុវត្តផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅអប្បបរមា 
-បង្កើនការគ្រប់គ្រងអាវុធជាតិផ្ទុះ។
-ពង្រឹងអធិការដ្ឋាន លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ។
-ពង្រឹងគុណភាព សមត្ថភាពកម្លាំង ហ្វឹកហាត់ជាប្រចាំ មានស្នាដៃលើសរសើរ អនុវត្តខុសដាក់ពិន័យ។
-ពង្រឹងការងារប្រចាំបញ្ជា ប្រតិកម្មរហ័តឆ្លើយតបឲ្យបានទាន់ពេលវេលា អគ្គីភ័យ ពង្រឹងកម្លាំងប្រតិបត្តិការ។
-ពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាព និងមន្ទីរជុំវិញខេត្ត៕

អត្ថបទដែលជាប់ទាក់ទង