ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនឯកឧត្ដម តូ ឡឹម ប្រធានរដ្ឋវៀតណាម ចំពោះមរណភាពរបស់ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

51

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូន ឯកឧត្ដម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្ដមNguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្ដម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

សម្តេចបានចាត់ទុកថា ការទទួលមរណភាពរបស់ ឯកឧត្ដមNguyen Phu Trong គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និងស្ថាដៃដ៏ ថ្លៃថ្លារបស់លោក នឹងត្រូវបានចងចាំក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់ៗរូបជារៀងរហូត។

ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ទាំងមូល សម្តេចសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ប្រធានរដ្ឋសភាវៀតណាម និងជាពិសេស តាមរយៈលោកប្រធានរដ្ឋសភា ជាមួយក្រុមគ្រួសាររបស់ ឯកឧត្ដមNgyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។

សម្តេចតេជោ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង