ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាអធិការខណ្ឌទាំង១៤ ចុះអប់រំសិស្សសាលាបញ្ឈប់ការគូសអក្សរលើអាវស ហើយបង្ហោះតាមបណ្ដាញសង្គម

70

ភ្នំពេញ៖ក្រោយឃើញវីដេអូចែកចាយតាមបណ្ដាញសង្គម បង្ហាញពីសកម្មភាពមិនសមរម្យរបស់សិស្សសាលាមួយចំនួន ដោយពួកគេបានយកអាវសគូសអក្សរ និងចុះហត្ថលេខា ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលខណ្ឌទាំង១៤ សហការជាមួយអាជ្ញាធរចុះធ្វើការអប់រំសិស្សនៅតាមសាលា ឲ្យបញ្ឈប់ការធ្វើបែបនេះ។

ដោយអនុវត្តតាមបទបញ្ជានៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ អធិការនគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងចុះធ្វើការអប់រំណែនាំសិស្សសាលានៅវិទ្យាល័យកំបូល ចំនួន៨៣នាក់ ក្នុងនោះស្រី៤៥នាក់ ដែលពួកគេបានគូសអក្សរលើអាវ និងយកក្រេមគូសលើបាតដៃរួចប៉ាតលើអាវ។ តាមការសាកសួរ មូលហេតុដែលធ្វើបែបនេះ ដោយសារតែពួកគេចាត់ទុកថា ជាអនុស្សាវរីយ៍ ក្រោយពីប្រឡងរួច។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ការធ្វើបែបនេះហើយបង្ហោះរូបភាព និងវីដេអូពេញបណ្ដាញសង្គម ជារឿងមិនសមរម្យនោះឡើយ ដូច្នេះហើយឯកឧត្ដមបានបញ្ជាឲ្យអធិការខណ្ឌ ចូលរួមសហការជាមួយអភិបាលខណ្ឌចុះ ដើម្បីបន្ដចុះអប់រំណែនាំសិស្សានុសិស្សទាំងអស់នៅតាមសាលារៀន បញ្ឈប់ការបង្ហោះលេងបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង