ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការនាំចេញកសិផលកម្ពុជា ឆមាសទី១ កើនឡើងជិត៦០ភាគរយ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ

58

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញអំពី របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជិត៦០ភាគរយ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ថា វិស័យកសិកម្មរយៈពេល ៦ខែ ឆ្នាំ២០២៤ មានលទ្ធផលដូចតទៅ៖

ទី១៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក។

ទី២៖ ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖
– ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន
– ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
– ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់

ទី៣៖ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។

ទី៤៖ គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា

ទី៥៖ ទំហំទឹកប្រាក់ពីការនាំចេញ៖
– កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១៨០០ពាន់លានដុល្លារ
– កសិផលស្រូវជាង ៤០០លានដុល្លារ
– កសិផលអង្ករជាង ២០០លានដុល្លារ
– ប្រភេទដំឡូងមីមានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង