ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារបច្ចេកទេសអាជ្ញាធរមីន ចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលស្រាវជ្រាវចម្ការមីនថ្មី ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់

56

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានណែនាំឱ្យក្រុមការងារបច្ចេកទេសអាជ្ញាធរមីន ចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលស្រាវជ្រាវចម្ការមីនថ្មី ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ។

    ឯកឧត្ដម បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៣ កក្ដដា ឆ្នាំ២០២៤នៅស្នាក់ការអាជ្ញាធរមី ខណៈឯកឧត្ដមជាអធិបតីពិភាក្សាពិនិត្យលទ្ធផលស្រាវជ្រាវការរកឃើញចម្ការមីនថ្មីៗ ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងអនុវត្តការសិក្សាស្រាវជ្រាវដោយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលការសិក្សានេះគឺអនុវត្តន៍ស្រប តាមលិខិតលេខ ៣៥១ សជណ.មយ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោក និងតំណាងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។

      ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានសរសើរដល់អង្គភាពស៊ីម៉ាក់ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវឱ្យបានគ្រប់ ជ្រុងជ្រោយបន្ថែមនូវចម្ការមីន និងចម្ការគ្រាប់ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងខេត្តកំពង់ធំ ដែលសម្រេចបានគួរឱ្យកត់សម្គាល់។

       ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលទិន្នន័យចម្ការមីន និងចម្ការគ្រាប់បឋម ដែលាបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យឡើងវិញលើផែនទីចម្ការមីនបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព។ ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវឈរលើគោលការណ៍បច្ចេកទេសស្របតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ទៃដីជាច្រើនត្រូវបានប្រជាពលរដ្ឋឈួសឆាយ ឬបានដាំដុំរួចមកហើយ ដើម្បីចៀសវាងការកើនឡើងផ្ទៃដីដែលត្រូវរៀបចំផែនការបោសសម្អាតជាបន្ត ៕ ដោយ . សំរិត

អត្ថបទដែលជាប់ទាក់ទង