ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីរួមគ្នាជាមួយវៀតណាម និងឡាវនោះទេ

39

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ គ្មានកិច្ចព្រមព្រៀងណាមួយ ដែលនាំឱ្យបាត់បង់អធិបតេយ្យភាពជាតិ ឬជាការបញ្ចូលដែនដីរួមគ្នាជាមួយវៀតណាម និងឡាវ នោះឡើយ។

សម្តេចតេជោ ចាត់ទុកការចោទប្រកាន់នេះ ជាការញុះញង់ដែលមិនអាចលើកលែងឱ្យឡើយ និងស្នើឱ្យតុលាការកាត់ទោសជនទាំងនោះឱ្យធ្ងន់ធ្ងរ។

បើតាមសម្តេចតេជោ ហ៊ុន សែន មានមនុស្ស ៣នាក់ហើយត្រូវបានចាប់ខ្លួន ក្រោយលើកឡើងបំភ្លៃការពិត លើកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ។

ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្មានកិច្ចព្រមព្រៀងណា ដែលទាក់ទិនជាមួយនឹងការបញ្ចូលដែនដីជាមួយគ្នានោះទេ អត់មានទេ ក្រៅតែពីបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ ដែលភាគីនិមួយៗ ត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នាបំពេញឱ្យទៅវិញទៅមក»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មិនមែនទទួលបានផលប្រយោជន៍តែកម្ពុជានោះទេ វៀតណាមក៏ទទួលបានផលប្រយោជន៍ពីកម្ពុជា និងឡាវផងដែរ ដោយសារតែកម្ពុជា និងឡាវ មានវត្ថុធាតុដើមដែលជាកសិផល ឱ្យវៀតណាមជាកន្លែងកែច្នៃ។ ដូចគ្នានេះដែរ ក ម្ពុជាក៏ទទួលបានផលប្រយោជន៍ពីឡាវ ហើយឡាវក៏ទទួលបានផលប្រយោជន៍ពីកម្ពុជា តាមរយៈការពាណិជ្ជកម្មថាមពលអគ្គិសនី និងការដឹកជញ្ជូនទំនិញផ្សេងៗ។

សម្តេចបន្ថែមទៀតថា «តើមានកិច្ចព្រមព្រៀងមួយណាដែល មានការដោះដូរអធិបតេយ្យភាព? ហើយបើសិនជាមានការដោះដូរអធិបតេយ្យភាព តើចាំបាច់អីប្រទេសទាំងបីរនេះ បោះបង្គោលព្រំដែនជាមួយគ្នាធ្វើអី? ការចោទប្រកាន់នេះ ជាការប្រមាថមិនអាចលើកលែងទោសឱ្យបានទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តទាំង៤របស់កម្ពុជានៅភាគឦសាន រួមមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អស់ហើយ ដែលធ្វើឱ្យខេត្តទាំងនេះ មិនកាត់ផ្តាច់ពីគ្នានោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង