សម្តេចតេជោប្រាប់ថា៖ គំនិតផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណCLVនេះ គឺសម្ដេចតេជោផ្ទាល់ជាអ្នកផ្ដួចផ្ដើមគំនិត
ភ្នំពេញ៖សម្តេចតេជោបានពន្យល់ឱ្យដឹងថា គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណCLVនេះ គឺសម្ដេចតេជោផ្ទាល់ជាអ្នកផ្ដួចផ្ដើមគំនិត ហើយក្នុងពេលធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្ដេចតេជោក៏បានស្នើភាគីឡាវដើម្បីគាំទ្រគំនិតនេះ ដែលពេលនោះលោក ស៊ីសុវត្ថិ កែវប៊ុនផាញ់(Sisavath Keobounphanh) ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយនោះ គឺបានគាំទ្រនូវគំនិតនេះ។ បន្ទាប់ពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំមួយ ពេលនោះ សម្ដេចតេជោក៏បានស្នើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ វ៉ាន់ខាយ (Phan Van Khai)។
សម្តេចតេជោថ្លែងទៀតថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្ដេចតេជោបន្តថា នៅអំឡុងពេលសតវត្សទី២០ឆ្លងចូលសតវត្សទី២១ តំបន់ភាគឦសានរបស់កម្ពុជា ពិសេសខេត្តមណ្ឌលគិរី និងរតនគិរី នៅខ្ចីផ្លូវរបស់វៀតណាមប្រើប្រាស់នៅឡើយទេ ខណៈផ្លូវភាគច្រើនជាផ្លូវដី ដូច្នេះធ្វើឱ្យអាជីវករមួយចំនួនត្រូវធ្វើដំណើរចេញពីខេត្តទាំងនេះរបស់កម្ពុជាឆ្លងទៅខាងវៀតណាម ហើយបានចូលមកកម្ពុជាវិញតាមខេត្តស្វាយរៀង ឬតាមខេត្តកំពង់ចាម។ ដូច្នេះស្ថានទាំងនេះគឺបានលេចឡើងនូវភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការនៅតំបន់នោះ។
ទោះជាយ៉ាង គំនិតបង្កើតឱ្យមានតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ មិនមែនជាការកាត់ទឹកដីឱ្យអ្នកណានោះឡើយ ប្រទេសនីមួយៗពង្រឹងការការពារព្រំដែនរបស់ខ្លួន និងត្រូវមានកិច្ចសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ ពីព្រោះមកដល់ពេលបច្ចុប្បន្ន ផ្លូវគមនាគមន៍របស់កម្ពុជា ឡាវ និងវៀតណាម គឺមានល្អប្រសើររៀងខ្លួន៕