ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿង និងប្រេងសាំងចំនួន១ពាន់លីត្រ ជូនសមត្ថកិច្ច និងមន្រ្តីជំនាញ បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

33


កំពង់ធំ៖នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួសំណេះសំណាល ប្រគល់ ភារកិច្ច និងប្រគល់ម៉ូតូ  ប្រេងឥន្ធនៈ ដែល ជាអំណោយរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនកងកម្លាំងចម្រុះនៅទី បញ្ជាការ ស្រាល ទាំង ៧ ក្នុង ចំណោម ទីបញ្ជការ ស្រាល ទាំង ១៤គោលដៅ ដើម្បី បន្តធ្វើសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន ផ្ដល់ ប្រេង សាំង ១,០០០ លីត្រ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងម៉ូតូ ចំនួន ១៤ គ្រឿង តាម រយៈ លោក នួន ផារ័ត្ន ប្រគល់ ជូន កងកម្លាំង ចម្រុះ នៅ ទីបញ្ជការ ស្រាល ទាំង ៧ នៅប៉ែក ខាង លើ ភូមិ សាស្ត្រ ខេត្ត ក្នុង ចំណោម ទីបញ្ជាការ ស្រាល ទាំង ១៤ ដែល មាន ភារកិច្ច គ្រប់ គ្រង ការ ពារ ទប់ស្កាត់  និងបង្ក្រាប បទ ល្មើស ធនធាន ធម្មជាតិ នៅ ក្នុងខេត្ត កំពង់ធំ ដើម្បីបន្ត សកម្មភាព ក្នុង ភារកិច្ច របស់ខ្លួន ឲ្យ ទទួលលទ្ធផលល្អ និង មាន ប្រសិទ្ធភាព ។
លោកបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់ ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ ត្រូវបន្តរួមគ្នាមិនដកថយឡើយ ដោយត្រូវការពារទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រាន ព្រៃឈើជាថ្មីជាដាច់ខាត ។
ដោយ ឡែក ផ្ទៃ ដី ដែល ក្រុម ជនល្មើស លួច កាប់ ទន្ទ្រាន និងត្រូវបានដកហូតកន្លងមក ត្រូវរក្សាការពារឲ្យបានល្អមិនឲ្យមានការបាត់បង់ ដើម្បីមានវិធានការដាំស្ដារព្រៃឈើឡើងវិញបន្ថែមទៀត បន្ទាប់ពី នៅ ពេល ថ្មី ៗ នេះ ក្រោម ការ ដឹកនាំ របស់លោក នួន ផារ័ត្ន អភិបាល ខេត្ត យើងបានដាំកូនឈើជាង២ម៉ឺនដើម រួចមកហើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំកងកម្លាំងចម្រុះ និង ស្ថាប័ន ជំនាញ ពាក់ព័ន្ធ ទាំងអស់ រួម ជាមួយ អាជ្ញាធរ ដែនដី គ្រប់ លំដាប់ ថ្នាក់ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមលិខិតបទដ្ឋាននានា និងវិធានការច្បាប់ ជាធរមានចំពោះជនល្មើសទាំងឡាយណា ដែលនៅ តែ រឹង រូសក្នុង ការ បំផ្លិចបំផ្លាញ ធនធាន ធម្មជាតិ ដោយ ត្រូវ អនុវត្តន៍ តាម និតិវធី ច្បាប់ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង