ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វីលីពីន ចោទថាយន្ដហោះចម្បាំងចិន បាញ់ផ្កាភ្លើងដាក់យន្ដហោះល្បាតរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង

51

ម៉ានីល៖រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃសៅរ៍ ទី២៤ ខែសីហានេះ បានចោទប្រកាន់ថាយន្ដហោះចម្បាំងចិនមួយគ្រឿង បានបាញ់ផ្កាភ្លើងដាក់យន្ដហោះល្បាតមួយ របស់ខ្លួន ដែលកំពុងធ្វើប្រតិបត្តិការល្បាត នៅលើតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កងកម្លាំងហ្វីលីពីនទទួលបន្ទុកកិច្ចការសមុទ្រហ្វីលីពីនខាងលិច បានអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយថាយន្ដហោះចម្បាំងមួយគ្រឿងរបស់ចិនបានធ្វើសកម្មភាព ប្រកប ដោយគ្រោះថ្នាក់ កាលពីថ្ងៃទី១៩ ខែសីហា ខណៈយន្ដហោះល្បាតហ្វីលីពីនធ្វើប្រតិបត្តិការល្បាត នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។ តាមសេចក្ដីថ្លែងការណ៍ នេះដដែល សកម្មភាពរបស់យន្ដហោះចម្បាំង ក្នុងនោះរួមានការបាញ់ផ្កាភ្លើង និងហោះមកកៀកយន្ដហោះល្បាតហ្វីលីពីន នៅត្រឹមចម្ងាយ ១៥ម៉ែត្រប៉ុណ្ណោះ។
បន្ថែមពីលើនេះ ផ្កាភ្លើងក៏ត្រូវបានបាញ់នៅក្បែរយន្ដហោះល្បាតដដែលផងដែរ នៅតំបន់ថ្មប៉ប្រះទឹក Subi Reef កាលពីថ្ងៃទី២២ ខែសីហា ក្នុងពេលយន្ដហោះល្បាតហ្វីលីពីន កំពុងល្បាតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងដែនទឹករបស់ហ្វីលីពីន។
គួរបញ្ជាក់ថា ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ ទី២៣ ខែសីហា បាននិយាយថាចិនបានចាត់វិធានការប្រឆាំងនឹងយន្ដហោះយោធា ២គ្រឿងរបស់ហ្វីលីពីន ដែលបាន ហោះចូលក្នុងដែនអាកាសនៃតំបន់ថ្មប៉ប្រះទឹក Subi Reef កាលពីថ្ងៃទី២២ ខែសីហា។ ប៉ុន្តែ មិនបានបញ្ជាក់ឱ្យច្បាស់ថាខ្លួនបានចាត់វិធានការអ្វីនោះទេ ហើយក៏មិនបាន លើកឡើងពីឧបទ្ទវហេតុកាលពីថ្ងៃទី១៩ ខែសីហា នៅឯតំបន់ថ្មប៉ប្រះទឹក Scarborough Shoal នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង