ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វីលីពីន និងចិនប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង ទោះមានកិច្ចខិតខំស្តារទំនុកចិត្តឡើងវិញ

31

ម៉ានីល៖ប្រទេសហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នានៅក្នុងដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង នៅថ្ងៃអាទិត្យ (ថ្ងៃទី២៥ខែសីហា) ដែលជាឧប្បត្តិហេតុចុងក្រោយបង្អស់ ក្នុងចំណោមការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ទាំងលើផ្ទៃសមុទ្រ និងផ្ទៃអាកាស នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ហេតុការណ៍នេះបានកើតឡើង ទោះបីជាប្រទេសទាំងពីរបានខិតខំប្រឹងប្រែងកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងជម្លោះឱ្យបានកាន់តែល្អប្រសើរ បន្ទាប់ពីការប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនខែ រួមទាំងការប៉ះទង្គិចគ្នាយ៉ាងហិង្សាកាលពីខែមិថុនា ដែលនាវិកហ្វីលីពីនម្នាក់បានបាត់បង់ម្រាមដៃ។
ភាគីហ្វីលីពីន បានចោទប្រកាន់ចិនពីបទ «ការធ្វើសមយុទ្ធដោយឈ្លានពាន និងបង្កគ្រោះថ្នាក់» ដើម្បីរារាំងបេសកកម្មផ្គត់ផ្គង់នេះ ខណៈដែលឆ្មាំសមុទ្រចិន បាននិយាយថា ខ្លួនបានចាត់វិធានការគ្រប់គ្រង ប្រឆាំងនឹងនាវាដែលបានចូលដែនទឹកខុសច្បាប់ និងបានខិតជិតនាវាចិនម្តងហើយម្តងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់។
ក្នុងឧប្បត្តិហេតុនេះ បានកើតឡើងនៅជិតតំបន់ Sabina Shoal ដោយកងកម្លាំងកិច្ចការពិសេសសមុទ្រចិនខាងត្បូង របស់ហ្វីលីពីន បាននិយាយថា នាវាចិនបានបុក និងប្រើប្រាស់កាណុងទឹកប្រឆាំងនឹងនាវាការិយាល័យនេសាទហ្វីលីពីន ដែលកំពុងដឹកជញ្ជូនអាហារ ប្រេងឥន្ធនៈ និងសម្ភារៈវេជ្ជសាស្ត្រសម្រាប់អ្នកនេសាទហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង