ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានចូលរួមយ៉ាងផុសផុល ក្នុងការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

24


ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារថ្លែងអំណរគុណ ដល់ជនរួមជាតិ ដែលបានចូលរួមយ៉ាងផុសផុល ក្នុងការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងដូច្នេះថា៖
«ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ »។
សម្តេចបានចាត់ទុកថា ការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ពិតជាបានសរបញ្ជាក់យ៉ាងច្បាស់អំពីធ្លុងមហាសាមគ្គី និងស្មារតីជាតិខ្មែរតែមួយប្រកបដោយមនសិកា ស្នេហាជាតិ ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍ មាតុភូមិកម្ពុជានៃយើង។
ទន្ទឹមគ្នានេះ សម្តេចសូមលើកទឹកចិត្តដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឱ្យកាន់តែសកម្មផុលផុសបន្ថែមទៀត ហើយក្រុមការងារមូលនិធិបាន និងកំពុងបន្តទទួលការបរិច្ចាគដោយក្តីរីករាយ។
សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ មានព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួម និងគាំទ្រយ៉ាងផុលផុស៕

អត្ថបទដែលជាប់ទាក់ទង