ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តៃវ៉ាន់ ផ្តល់ឧបករណ៍ការពារខ្លួន ដល់កម្លាំងសន្តិសុខប្រទេសហៃទី

24

ព័រអ៊ូព្រីន៖ស្ថានទូតតៃវ៉ាន់ក្នុងប្រទេសហៃទី បានផ្តល់ឧបករណ៍សម្រាប់ការពារខ្លួន ដូចជា មួកសុវត្ថិភាព ទ្រនាប់ការពារជង្គង់ វែនតាការពារភ្នែក និងអាវការពារគ្រាប់កាំភ្លើង ទៅឱ្យប៉ូលិស ក៏ដូចជាកងទ័ពហៃទី ដើម្បីជួយគាំទ្រការទប់ទល់របស់ពួកគេ ប្រឆាំងនឹងក្រុមជនអន្ធពាលដ៏មានឥទ្ធិពលនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០២៤។
ការិយាល័យនាយករដ្ឋមន្រ្តីហៃទី បានឱ្យដឹងថា ឧបករណ៍ការពារ ៤០០ឈុតត្រូវបានបញ្ជូនមក ដែលនាំឱ្យចំនួនសរុបនៃការបរិច្ចាគរបស់តៃវ៉ាន់ នូវឧបករណ៍ប្រភេទនេះកើនឡើងដល់ ៨០០ឈុត ក្នុងរយៈពេលពីរឆ្នាំ។ លោក Garry Conille នាយករដ្ឋមន្រ្តីហៃទី គូសបញ្ជាក់ថា «ការបរិច្ចាគនេះ មិនត្រឹមតែជាការចែករំលែកសម្ភារៈប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ចាំងនូវទឹកចិត្ត និងមិត្តភាពយូអង្វែងរវាងហៃទី-តៃវ៉ាន់»។
គួរបញ្ជាក់ថា ហៃទី គឺជាប្រទេសមួយនៅក្នុងតំបន់ Caribbean ដែលមានសម្ព័ន្ធភាពការទូតជាមួយតៃវ៉ាន់ ប៉ុន្តែក៏មានការិយាល័យពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង ប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង