ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ៖ការបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី

35


ភ្នំពេញ ៖ ទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋចំនួន៥ភូមិ រួមមាន ៖ ភូមិក្តីតាកុយ, ភូមិវាលស្បូវ, ភូមិស្វាយតាអុក, ភូមិព្រែកជាងព្រុំ និងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅសហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងការិយាល័យសុរិយោដីខណ្ឌច្បារអំពៅបានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីទុកពេលអោយបងប្អូន ដែលជាម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារអោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ ។
ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, លោក លឹម ពី ប្រធាការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០នាក់ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៌ទៅកាន់ប្រជាពលរដ្ឋដូច្នេះថា ពិធីបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដូច្នេះ ហើយសូមបងប្អូនអញើញមកពិនិត្យ ផ្ទៀងផ្ទាត់ អោយបានច្បាស់លាស់ ក្នុងរយៈពេល១៥ថ្ងៃនេះ។ ព្រោះថា ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើន ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់អចលនៈវត្ថុ ឬការកាន់កាប់ដីធ្លីស្របច្បាប់ គ្មានជនណាមករំលោភបំពានបានឡើយ ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារ នៃការវិនិច្ឆ័យដីធ្លី ដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយៈពេលកំណត់ នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
ក្នុងឱកាសនោះលោកអភិបាលបានធ្វើការអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ សូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានដឹង និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា ។
លោកអភិបាលខណ្ឌក៏បានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បើមានផ្ទះជួល សូមកុំឲ្យជួលអោយ ក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូ តាមអនឡាញជាដើម ។ ការចូលរួមរបស់បងប្អូន គឺមានន័យថា បងប្អូនបានរួមចំណែកជាមួយអាជ្ញាធរ ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងមួយផ្នែកទៀត បងប្អូនបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យមាននៅក្នុងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង