ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ្សេលេនស្គី បណ្តេញមេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន ក្រោយករណីធ្លាក់យន្តហោះចម្បាំង F-16

38

កៀវ៖កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបណ្តេញប្រមុខកងទ័ពអាកាសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីទីក្រុងកៀវបាននិយាយថា យន្តហោះចម្បាំងផលិតដោយអាមេរិក F-16 ១គ្រឿង បានធ្លាក់អំឡុងពេលបំពេញបេសកកម្មប្រយុទ្ធ ហើយបណ្តាលឱ្យអាកាសយានិក បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤។
លោក ហ្សេលេនស្គី បាននិយាយថា រូបលោកបានសម្រេចចិត្តផ្លាស់ប្តូរ មេបញ្ជាការកងទ័ពអាកាស ដើម្បីពង្រឹងថ្នាក់ដឹកនាំយោធារបស់ អ៊ុយក្រែន បន្ទាប់ពីការិយាល័យរបស់លោក បានចេញផ្សាយក្រឹតប្រធានាធិបតីមួយ ដែលដកហូតតំណែងជាផ្លូវការ ពីលោក Mykola Oleshchuk។
យោធាអ៊ុយក្រែនបានឱ្យដឹងថា យន្តហោះចម្បាំង F-16 ខាងលើ បានធ្លាក់ក្នុងសប្តាហ៍នេះ អំឡុងបេសកកម្មបាញ់ស្កាត់មីស៉ីលរបស់រុស្ស៉ី។ វាជាការបាត់បង់ F-16 លើកដំបូង បន្ទាប់ពីអ៊ុយក្រែន បានប្រកាសថា ខ្លួនចាប់ផ្តើមទទួលបានយន្តហោះចម្បាំងនេះ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។
សមាជិកសភាអ៊ុយក្រែនម្នាក់ នៅក្នុងគណៈកម្មាធិការទទួលបន្ទុកការពារជាតិ សន្តិសុខ និងស៉ើបការណ៍សម្ងាត់ បានអះអាងថា យន្តហោះ F-16 នោះ ត្រូវបានច្រឡំបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនផ្ទាល់។ ឆ្លើយតបការអះអាងនេះ លោក Oleshchuk បានចោទសមាជិកសភារូបនោះថា ព្យាយាមបង្ខូចមុខមាត់ថ្នាក់ដឹកនាំយោធាអ៊ុយក្រែន ហើយលោកបាននិយាយថា ការស៉ើបអង្កេតយ៉ាង ល្អិតល្អន់ពេញលេញ កំពុងតែប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា វាមិនមែនជាលើកទីមួយឡើយ ដែលលោក ហ្សេលេនស្គី បានសម្រេចចិត្តផ្លាស់ប្តូរ មេដឹកនាំយោធាជាន់ខ្ពស់។ កាលពីពេលកន្លងទៅ ក្នុងឆ្នាំនេះ លោកបានដកតំណែង អគ្គមេបញ្ជាការយោធាអ៊ុយក្រែន លោក Valery Zaluzhny។ លោក Zaluzhny ត្រូវបានជំនួស ដោយលោក Oleksandr Syrsky ដែលបានដឹកនាំផែនការវាយលុកយ៉ាងភ្ញាក់ផ្អើល ចូលក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៉ី ក្នុងខែសីហានេះ៕

អត្ថបទដែលជាប់ទាក់ទង