ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្តាំមន្រ្តី និងកងកម្លាំងទាំងអស់កុំចាប់អារម្មណ៍ និងជឿតាមអន្ទាក់នយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់នៃសង្គ្រាមស៊ីវិលជាថ្មី

33

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់នៃសង្គ្រាមស៊ីវិលជាថ្មី។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ស សុខា បានទទូចឲ្យរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ដើម្បីអភិវឌ្ឍជាតិឱ្យសម្រេចបានជោគជ័យ ដូចដែលក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនជូនជាតិនិងប្រជាជន។
នៅក្នុងសារពិសេសផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ អភិបាលសន្តិបណ្ឌិត ស សុខា បានគូសរំលេចពីការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុជអាលបំបែកបំបាក់រវាងឯកឧត្ដមនិងថ្នាក់ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត។ ឯកឧត្ដមថា ទាំងនេះជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្ដាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់លោកឡើយ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ជូនថា «ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ខ្ញុំគោរព និងអនុវត្តតាមអគ្គមគ្គុទេសក៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។ ក្នុងក្របខណ្ឌគណបក្ស ខ្ញុំគោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និងតាមអគ្គមគ្គទេសក៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឥត
ងាករ»។
«ក្នុងន័យនេះ រាល់ប្រធានបទនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមពីក្រៅប្រទេស ខ្ញុំសូមមន្ដ្រីរាជការ ស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់នៃសង្គ្រាម ស៊ីវិលជាថ្មី។ សូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់ខ្ពស់លើជំហររបស់ខ្ញុំ ដែលបានបញ្ជាក់ជូនខាងលើ។ ជាពិសេសសូមរួមគ្នាគាំទ្រ និងជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ដើម្បីអភិវឌ្ឍជាតិឱ្យសម្រេចបានជោគជ័យដូចដែលក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាល
សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនជូនជាតិនិងប្រជាជន»។ នេះជាការបន្ថែមរបស់ប្រមុខក្រសួងមហាផ្ទៃ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថា មនុញ្ញផលដែលបាននិងកំពុងកើតមាននេះ គឺជាបច្ច័យនៃកម្លាំងសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ឋានានុក្រមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ក៏មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃផងដែរ។
ឯកឧត្ដមមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ បន្តរួមគិត រួមធ្វើ រួមទទួលខុសត្រូវ តាមទស្សនៈថា «រួបរួមគ្ន ដើម្បីកម្ពុជារុងរឿង»។ ជាថ្មីម្ដងទៀត ឯកឧត្ដមសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកម្លាំងសាមគ្គី ភាពប្រកបដោយស្មារតីទទួលខុសត្រូវ បង្ការទប់ស្កាត់បានយ៉ាងជោគជ័យរាល់ចលនាប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង