ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែនតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី ខណៈសង្រ្គាមជាមួយរុស្ស៊ីកាន់តែក្តៅគគុក

46


ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើទៅសភាកាលពីថ្ងៃព្រហស្បតិ៍ ឱ្យតែងតាំងលោក Andrii Sybiha ជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Dmytro Kuleba ដែលបានលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការតែងតាំងនេះ ដែលត្រូវបានរំពឹងថានឹងត្រូវបានសភាអនុម័ត គឺជាផ្នែកមួយនៃការរុះរើដ៏ធំបំផុតនៃរដ្ឋាភិបាលអ៊ុយក្រែនចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ លោក Zelenskiy បានលើកឡើងថា ប្រទេសនេះត្រូវការ «ថាមពលថ្មី» ដើម្បីដឹកនាំប្រទេសទៅមុខទៀត។
លោក Sybiha ដែលជាអ្នកការទូតដែលមានបទពិសោធន៍យូរឆ្នាំ ត្រូវបានគេរំពឹងថានឹងបន្តគោលនយោបាយការបរទេសបច្ចុប្បន្នរបស់អ៊ុយក្រែន។ ការតែងតាំងរបស់លោកកើតឡើងនៅពេលដែលលោក Zelenskiy កំពុងរៀបចំធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងខែនេះ ដើម្បីពិភាក្សាអំពីផែនការសន្តិភាព និងស្នើសុំជំនួយបន្ថែមទៀត។
ទន្ទឹមនឹងនេះ ស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែនកាន់តែក្តៅគគុក ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីល និងដ្រូន ដោយការវាយប្រហារនៅទីក្រុង Poltava បានសម្លាប់មនុស្សជាង ៤០នាក់។ លោក Zelenskiy បានអំពាវនាវម្តងហើយម្តងទៀតឱ្យលោកខាងលិចផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារដែនអាកាស និងអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង