ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម កើត ឆែ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវកម្មវិធីនយោបាយ បញ្ចកោណទី១ មុំទី៣ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» បានកំណត់គោលដៅជាយុទ្ធសាស្ត្រ

39

ភ្នំពេញ៖ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិការថែទាំសុខភាពបឋម គឺជាការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជម្ងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ។
នេះជាការលើកឡើងរបស់ឯកឧត្ដមកើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្ដមអញ្ជើញជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម » ជូនបុគ្គលិក-មន្ត្រីរាជការនៃ រដ្ឋបាលខណ្ឌ និងសង្កាត់នា ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកប ដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី១ មុំទី៣ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងនានា, ការ ពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល និងការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ដោយផ្តោតជាចម្បងលើ ការថែទាំសុខភាពបឋម»។
ឯកឧត្ដមប្រទៀតថា៖ ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពេញមួយជីវិត ដែល រួមមាន ការបង្ការជំងឺ ការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថែទាំសុខភាពបឋម គឺជាការងារអន្តរស្ថាប័ន និងទាមទារនូវការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ឯកជន អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋតែម្តង។
ឯកឧត្ដមបន្តថា៖ ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ, កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលមានចក្ខុវិស័យផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺ តាមរយៈការជួយឧបត្ថម្ភពីរដ្ឋ (មូលនិធិសមធម៌សុខាភិបាល) ឬការធានារ៉ាប់រងសុខភាពគាំទ្រដោយរដ្ឋ (ប.ស.ស)។ អ្នកទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល កើនដល់ជាង ៤ លាន ៧ សែន នាក់ (គ្រួសារងាយ រងហានិភ័យ, ក្រ.១ ក្រ.២, ក្រុមប្រឹក្សាឃុំសង្កាត់, មេភូមិ, អនុភូមិ ជំនួយការភូមិ, កីឡាករ, បុគ្គល បម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ ។ល។) អ្នកទទួលបានប័ណ្ណ ប.ស.ស ៖ កើនដល់ជាង ២ លាន ៤ សែន នាក់។ តួលេខនេះ នៅមិនទាន់រាប់ បញ្ចូលសមាជិកគ្រួសារក្នុងបន្ទុករបស់មន្ត្រីរាជការ (សហព័ទ្ធ, កូន) ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យក្លាយជាសមាជិក ប.ស.ស ដោយស្វ័យប្រវត្តិដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវាគ្របដណ្តប់ សុខាភិបាល។
វគ្គតម្រង់ទិសនានេះ សិក្ខាកាមនឹងទទួលបាននូវ ធាតុចូលថ្មីៗ ដើម្បីយកទៅអនុវត្ត ជាពិសេសជំរុញផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅជាប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការងារថែទាំសុខភាពបឋម និងចូលរួមទាំងអស់គ្នាដើម្បីពង្រឹង ខឿនសុខុមាលភាព។ការចែករំលែកចំណេះដឹង ក្នុងការថែទាំសុខភាព ការពារអាយុជីវិតមនុស្ស គឺពិតជាទទួលបានកុសល ផលបុណ្យខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង