ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ

41


ភ្នំពេញ៖ឯកឧត្ដមស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា ចំពោះការធ្វើការហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺគ្រាន់តែជាការហោះហើរសាកល្បងរបស់យន្តហោះបច្ចេកទេសប៉ុណ្ណោះ ពោលជាហោះហើរដោយតួចមួយ ដើម្បីធ្វើតេស្តឧបករណ៍បច្ចេកទេស ដែលទើបបំពាក់នៅអាកាសយានដ្ឋាន។
ឯកឧត្ដមបញ្ជាក់ថា ការហោះហើរសាកល្បងនេះ មិនមែនជាការហោះហើរសាកល្បងដឹកមនុស្ស ជាលក្ខណៈពាណិជ្ជកម្មនោះឡើយ។
ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំនានា ជុំវិញពីការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដមបញ្ជាក់ថា «ការធ្វើតេស្តហោះហើរវិស្វកម្ម ឬការត្រួតពិនិត្យការហោះហើរ ការហោះហើរក្រិតខ្នាតវិស្វកម្ម (បច្ចេកទេស) គឺខុសគ្នាពីការសាកល្បងហោះហើរពាណិជ្ជកម្ម ដែលដឹកមនុស្ស។ ដូច្នេះការហោះហើរសាកល្បងនៅថ្ងៃទី៨ ខែកញ្ញាស្អែកនេះ គឺជាការហោះហើរត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើកឧបករណ៍នានា ដែលត្រូវបានបំពាក់នៅអាកាសយានដ្ឋាន»។
សូមជម្រាបថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ គម្រោងសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជិត ៨៤% ដោយចំណាយទឹកប្រាក់សរុប អស់ចំនួនប្រមាណ ១២២០លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។
បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ គិតមកដល់ពេលនេះ បុគ្គលិកដែលកំពុងបំរើការ មានចំនួនសរុបប្រមាណ ១៥៤០០ នាក់ (ខ្មែរ ៩០%)៕

អត្ថបទដែលជាប់ទាក់ទង