ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកា ១០លានរៀល និងគ្រឿងឧបភោគបរិភោគ ដល់ស្ដ្រីក្រខ្សត់ម្នាក់មានជំងឺដុំគីសសុដន់ខាងស្ដាំធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

38


ភ្នំពេញ៖អ្នកស្រី នឿន សុខជាន អាយុ ៣៤ឆ្នាំ មានជំងឺដុំគីសសុដន់ខាងស្តាំធ្ងន់ធ្ងរ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម មានស្វាមីធ្វើជាកម្មករសំណង់នៅភ្នំពេញ និងមានកូន ៤នាក់។ ដោយជីវភាពក្រលំបាក ស្ដ្រីដ៏កំសត់រូបនេះ បានស្ពាយជំងឺគីសសុដន់ដ៏សែនធំ និងឈឺចាប់ជាប់ខ្លួនអស់រយៈពេលជាង៥ឆ្នាំ និងបានព្យាបាលដោយថ្នាំបុរាណ ដែលបណ្ដាលឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ទើបស្រែកដង្ហើយរកជំនួយពីសប្បុរសជនតាមបណ្តាញសង្គម។
ក្រោយទទួលបានព័ត៌មានខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីរងគ្រោះខាងលើ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
នៅក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តចំពោះអ្នកស្រី នឿន សុខជាន កុំឱ្យមានការព្រួយបារម្ដអ្វីទៀតព្រោះពេលនេះបានដល់មន្ទីរពេទ្យហើយ សុខភាពនឹងបានធូរស្រាលឡើងវិញ អាចត្រលប់ទៅគេហដ្ឋានវិញហើយ ។ជាពិសេសបានណែនាំដល់ស្ដ្រីដ៏គួរឱ្យសែនអាណិតអាសូររូបនេះ អនុវត្ដតាមការណែនាំរបស់ក្រុមគ្រូពេទ្យផងដែរ។
អ្នកស្រី នឿន សុខជាន និងម្តាយដែលនៅមើលថែទាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ និងលើកទឹកចិត្ត រួមទាំងផ្តល់អំណោយជួយសម្រាលការលំបាកផ្នែកជីវភាព ខណៈដែលកំពុងព្យាបាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ជួយព្យាបាលជំងឺរបស់គាត់។
សម្រាប់អំណោយដែលបានផ្តល់ជូនអ្នកស្រី នឿន សុខជាន និងគ្រួសាររួមមាន៖ អង្ករសុខភាព ១កេស, ទឹកភេសជ្ជៈតែបំប៉នកម្លាំង ២កេស, ទឹកត្រឡាច ១កេស, ក្រូចពោធិ៍សាត់, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០លានរៀល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះ អាជ្ញាធរមូលដ្ឋានបានផ្តល់បណ្ណសមធម៌ជូនគាត់ ហើយភ្លាមៗនោះបានរៀបចំបញ្ជូនស្ដ្រីរូបនេះទៅមន្ទីរពេទ្យបង្អែកស្រុក ចាក់ថ្នាំបន្ថយការឈឺចាប់ ហើយតាមរយៈមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជ្រែងពី លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានសហការបញ្ជូនអ្នកជំងឺ មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្រ្គោះបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង