ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺរបេងមិនមែនជាជំងឺតំណរពូជ និងព្យាបាលជាសះស្បើយ១០០%, សូមអំពាវនាវដល់ពលរដ្ឋ បើមានការរោគសញ្ញា មកទទួលសេវាដោយគិតឥតថ្លៃ នៅគ្រប់មូលដ្ឋានសុខាភិបាល

21


ភ្នំពេញ៖លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន បានថ្លែងថា ជំងឺរបេង ជាជំងឺឆ្លង តែមិនមែនជាជំងឺតំណរពូជនោះទេ ហើយជំងឺនេះអាចព្យាបាលជាសះស្បើយ ១០០% ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកវេជ្ជបណ្ឌិត បានធ្វើឡើងនៅវេទិកាសារព័ត៌មាន លើប្រធានបទ «តួនាទីសារព័ត៌មានសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរបេង» នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គការខាណាកម្ពុជា។ វេទិកានេះក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាផងដែរ។
លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានថ្លែងបន្ដថា «ជំងឺរបេងមិនមែនជាជំងឺសូរពូជនោះទេ គឺជាជំងឺឆ្លង សូមប្រជាជនយើងកុំឱ្យមានការយល់ច្រឡំបន្ដទៀត។ មេរោគរបេងនៅក្នុងសួត គឺអត់មាននៅតាមសាធារណៈទេ ចឹងមេរោគរបេងសួតវាឆ្លងតាមរយៈខ្យល់ ពេលក្អក កណា្ដស់ និងខាតស្ដោះ វាអាចសាយភាយក្នុងរង្វង់ចម្ងាយ ២ម៉ែត្រពីគ្នា វាអាចឆ្លងទៅមនុស្សម្នាក់ទៀត ដែលនៅជុំវិញខ្លួន»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា «ការឆ្លងនៃជំងឺរបេងនេះ បើសិនជាយើងព្យាបាល គឺអាចព្យាបាលជាសះស្បើយ១០០% សម្រាប់ការព្យាបាលជំងឺរបេងគឺមានរយៈពេល ៦ខែ។ តែបើយើងមិនបានមកព្យាបាលទេ គឺ ២៥% នឹងស្លាប់ និង ២៥%ទៀត នឹងបន្សល់ទុកនូវភាពរុំារ៉ៃនៅក្នុងខ្លួនយើង វាមិនទាន់ស្លាប់ទេ នៅពេលណាដែលខ្លួនយើងមានប្រព័ន្ធការពារខ្លាំង តែវានឹងលេចចេញនូវរោគសញ្ញានោះភ្លាម បើពេលណាប្រព័ន្ធការពារយើងចុះខ្សោយ»។
រោគសញ្ញាទូទៅនៃជំងឺរបេង គឺក្ដៅខ្លួនស្រៀវស្រាញពេលល្ងាច បែកញើសពេលយប់ ស្រកទម្ងន់ បាយពុំបាន និងអស់កម្លាំង។ រោគសញ្ញានៅនឹងកន្លែង សម្រាប់របេងសួត៖ ក្អក មានឬគ្មាន កំហាក (ស្លេស) ក្អមធ្លាក់ឈាម ហត់ ឈឺទ្រូង ចាប់ពី២អាទិត្យឡើងទៅ លើកលែងក្អកធ្លាក់ឈាម ពេលណាសង្ស័យរបេងសួតនៅពេលនោះ ។ សម្រាប់របេងក្រៅសួត៖ មានរបេងកូនកណ្ដុរ របេងឆ្អឹង របេងសន្លាក់ឆ្អឺង របេងស្រោមខួរ ហើយជំងឺរបេងនេះ គឺកើតលើមនុស្សគ្រប់វ័យ។
លោកវេជ្ជបណ្ឌិតបានបន្ដថា ការងារស្វែងរក និងស្រាវជ្រាវមេរោគរបេងនេះ គឺជាការលំបាក។ ដើម្បីចង់រករោគវិនិច្ឆ័យមេរោគរបេងច្បាស់លាស់ គឺតាមរយៈមើលកំហាស ព្រោះមេរោគនៅក្នុងសួត ។ហើយបច្ចុប្បន្ននេះ យើងម៉ាស៊ីនម៉ាស៊ីនជិនអ៊ិចស្ពើត ដែលជំនាញនៅក្នុងការមើលហ្សេនរបស់មេរោគរបេងនេះ។
លោកបានគូសរម្លឹកទៀតថា រហូតមកដល់បច្ចុប្បននេះ ករណីកើតថ្មីនៃជំងឺរបេងប្រចាំឆ្នាំនៅតែមានការកើនខ្ពស់នៅឡើយ គឺចំនួន ៣២០នាក់ ក្នុងចំណោម១០ម៉ឺននាក់ អត្រាស្លាប់កើនដល់ទៅ ២២នាក់ ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់។ ដូច្នេះការងាររបេង គឺជាការងាររុំារៃ ដែលឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺរបេង គឺជាជំងឺបុរាណ ដែលកើតឡើងតាំងពីឆ្នាំ១៨៩៥ តែមកទល់នឹងពេលនេះ ទោះវិទ្យាសាស្ដ្រយើងទំនើប ក៏មិនទាន់រកនិតិវិធីណាមួយ ដើម្បីបញ្ចប់មេរោគនៅឡើយទេនៅលើពិភពលោក។
ដូច្នេះការឈានទៅលុបបំបាត់ជំងឺរបេងទាំងស្រុង គឺទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ដែលកម្មវិធីជាតិមិនអាចធ្វើតែឯងនោះទេ។ ក្នុងឱកាសនោះលោកក៏បានសង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មាន នឹងចូលរូមចំណែកផ្សព្វផ្សាយ សារអប់រំសុខភាពពីជំងឺរបេងនេះ ឱ្យបានទូលំទូលាយ ដែលជាធាតុចូលដ៏សំខាន់ នៅក្នុងការកំចាត់មេរោគរបេងនៅក្នុងឆ្នាំ ២០៣០ខាងមុននេះ។
តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៣ បានបង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០មកត្រឹម ២៣ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%។ ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%ផងដែរ។
«ផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបានប្រកាសដោយអង្គការសុខភាពពិភពលោក ក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ចាក់ថា ប្រទេសកម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងតារាងបញ្ជីប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ»។
លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានថ្លែងឱ្យដឹងថា ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ប្រទេសយើងនៅមានករណីជំងឺរបេងច្រើននៅឡើយ ហើយមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយដើម្បីឱ្យកម្មវីធីជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បីកាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងសកលលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង