ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីនាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោលនយោបាយ អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលចំខួបទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការ

26

ភ្នំពេញ៖លោក ស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូល និធិ អាស៊ី បានប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របនឹងគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព។
អង្គការមូលនិធិអាស៊ី គឺជាអង្គការផ្នែកអភិវឌ្ឍន៍មួយនៅអាស៊ី ហើយបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ នៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ។ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស្រី លូរាល់ មីលឺ ដែលជាប្រធានថ្មីរបស់អង្គការមូលនិធិអាស៊ី បានដឹកនាំគណៈប្រតិភូចូលជួបសម្តែង ការ គួរសម និងពិភាក្សាការងារលើកិច្ចការមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្តីទី។
នៅក្នុងជំនួបនេះ លោកស្រីនាយកប្រតិបត្តិមូលនិធិអាស៊ី បានជម្រាបសម្តេចតេជោ នូវលទ្ធផល ការ ងារមួយចំនួនរបស់មូលនិធិអាស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល កម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាល។ ផ្អែកលើ គោលបំណងនេះ លោកស្រី ក៏បានស្នើសុំអនុសាសន៍ និងការចង្អុលបង្ហាញបន្ថែមពី សម្តេច តេជោផងដែរ។
លោកស្រីប្រធាន បានជម្រាបសម្តេចតេជោថា មូលនិធិអាស៊ីកំពុងប្រារព្ធខួបលើកទី៧០ នៃប្រតិប ត្តិ ការ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្ទាប់ពីបានចំណាយពេលប្រាំពីរទសវត្សរ៍ ដើម្បីចូលរួមគាំទ្រ ដល់ ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ អភិបាល កិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រទៅតាមអ្វីដែលជាបំណងប្រាថ្នា របស់ ប្រទេស ដៃគូ។
លោកស្រីបន្តថា សម្រាប់កម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រ ដល់ វិស័យ អាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជន កម្ពុជា។ កន្លងមកមូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ី សង្វាក់គ្នា ជាមួយគោលនយោបាយរបស់រដ្ឋាភិបាល។ នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ មូលនិធិអាស៊ីបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក បញ្រ្ជាបចំណេះ ដឹង ឌីជី ថល និងបច្ចេកវិទ្យា ដើម្បីបង្កើនចំនួនកម្លាំងពលកម្មផ្នែកឌីជីថល។ មូលនិធិអាស៊ី ក៏បានគាំទ្រ ដល់អ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវជាស្រ្តី និងផ្តល់ការប្រឹក្សាលើអាជីពការងារផងដែរ។
ក្នុងវិស័យសេដ្ឋកិច្ច មូលនិធិអាស៊ីបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ ដើម្បីកសាងជា របាយ ការណ៍ជំនួយដល់ការវិនិយោគ និងធុរកិច្ច ជាពិសេសគឺការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងសមត្ថភាពដល់សហគ្រិនវ័យក្មេង និងសហគ្រិនជានារី លើជំនាញឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។
មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជា ពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជាការចុះធ្វើការ ស្រាវ ជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកាជាដើម។
លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំ គាំ ទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈ អាទិភាពរបស់រដ្ឋាភិបាល ដែល ជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូល និធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រ ដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។
សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះ លទ្ធផលនៃកិច្ចសហ ប្រតិ បត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ២០២៤នេះ គឺជា ខួប ទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាខួបលើកទី៧០ នៃការបង្កើតមូលនិធិអាស៊ីផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ទោះបីពេលនេះ សម្តេច មិនមែនជានាយករដ្ឋមន្រ្តី និងមានការ ផ្លាស់ប្តូររាជរដ្ឋាភិបាលយ៉ាងណាក្តី ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយ ការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូល និធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយនឹងត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជ មានជាមួយ គ្នា ថែមទៀត។
សម្តេចតេជោប្រមុខរដ្ឋស្តីទី បានអរគុណលោកស្រីប្រធាន និងមូលនិធិអាស៊ី ដែលបានចូលរួមជា មួយ ប្រទេសកម្ពុជា ទោះបីក្នុងកិច្ចការតូច ឬធំក្តី ប៉ុន្តែគឺបាននៅជាមួយ កម្ពុជា តាំងពីឆ្នាំ១៩៩៣ គឺចាប់តាំងពីប្រទេសកម្ពុជា មិនទាន់ស្គាល់សន្តិភាព ពេញ លេញ នៅឡើយ។
សម្តេចតេជោ បានបន្តថា កម្ពុជា ទើបបានមកស្គាល់សន្តិភាព ឯកភាពជាតិ និងទឹកដីទាំង ស្រុង ក្នុងឆ្នាំ១៩៩៨ ក្រោយសម្តេច បានដាក់ចេញយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ហើយមកដល់ ថ្ងៃនេះ គ្មាន នរណាម្នាក់ប្រឆាំងនឹងយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់សម្តេច ដែលនាំកម្ពុជាស្គាល់ សន្តិភាព ទាំងស្រុង និងមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជា។
សម្តេចតេជោបន្តថា គម្រោងអភិវឌ្ឍន៍នានារបស់មូលនិធិអាស៊ី ក៏អាចអនុវត្តបានជោគជ័យ និងស៊ី សង្វាក់ គ្នា ជាមួយ រដ្ឋាភិបាលចាប់ពីពេលនោះមកដូចគ្នា។ សម្តេចតេជោ បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្រ្តដឹកនាំប្រទេស គឺអាស្រ័យទៅតាមដំណាក់កាលរបស់ប្រទេសទាំងស្ថាន ភាពផ្ទៃក្នុង និងស្ថានភាពខាងក្រៅ។
ដោយឡែកនៅក្នុងដំណាក់កាលដំបូងដែលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានដាក់ ចេញ យុទ្ធសាស្រ្តត្រីកោណ ដែលគោលដៅអាទិភាពបំផុតនៅពេលនោះគឺ៖ ទី១) សន្តិភាវូបនីយ កម្ម ពេញ ផ្ទៃប្រទេស មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាក់ និងគ្មានការសងសឹកពីអតីតក្រុម ប្រដាប់ អាវុធណាមួយ, ទី២) ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍អន្តរជាតិ ឱ្យបានលឿន បំផុត ដោយសម្តេចតេជោ ផ្តល់មូលហេតុថា អង្គការអន្តរជាតិ ទាំង UN, ASEAN, ចលនាមិន ចូលបក្សសម្ព័ន្ធ (NAM), WTO ឬសូម្បីអង្គការ IAEA គឺសុទ្ធតែជាអាវក្រោះជួយការពារ និង ជួយពង្រឹងកម្ពុជាឱ្យឆាប់រីកចម្រើន ដូច្នេះកម្ពុជាមិនត្រូវខ្លាច អង្គការអន្តរជាតិ និងមិនត្រូវ ខ្វល់ ពី ការ បង់ប្រាក់សមាជិកភាពនោះទេ, ទី៣) ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងអន្តរជាតិ រាជរដ្ឋាភិបាល ត្រូវប្រមូលកម្លាំងសរុបទាំងអស់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដែលលទ្ធផល គួរ ជាទីមោទនៈបំផុត ក្នុងឆ្នាំ២០០៥ កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងដល់អត្រា ១៣,៣ភាគរយ និង កើនលើស ១០ភាគរយ រហូតដល់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។
យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដំណាក់កាលក្រោយមកទៀត គឺយុទ្ធសាស្រ្តចតុកោណ ដែល ផ្តោត សំខាន់លើ ទឹក ផ្លូវ ភ្លើង និងមនុស្ស ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅ កម្ពុជា។ លុះក្រោយមករាជរដ្ឋាភិបាល ក៏បានសម្រេចយកមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ទឹក ផ្លូវ និងភ្លើង។
សម្តេចតេជោប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលជារាជរ ដ្ឋាភិបាល ជំនាន់ថ្មី កើតចេញពីការលះបង់របស់សម្តេចតេជោ ដើម្បីសន្តិភាព និងការអភិវឌ្ឍ រយៈពេល វែង សម្តេចជឿជាក់ថា ជាការសម្រេចចិត្តបានត្រឹមត្រូវជាទីបំផុត ព្រោះសមស្របនឹង ស្ថានភាពពិភពលោក និងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ដំណាក់កាលទី១ នៃយុទ្ធសាស្ត្រ បញ្ចកោណ ផ្តោតលើឌីជីថល និងបច្ចេកវិទ្យា ដែលត្រូវការមេដឹកនាំជាយុវជនជំនាន់ថ្មីផងដែរ។
សម្តេចតេជោ បានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបន្តការ ងារពីអាណត្តិមុន ប៉ុន្តែបន្ថែមឌីជីថលនិងបច្ចេកវិទ្យា គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អមដោយបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ផ្អែកលើការ ដាក់ ចេញយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពបែបនេះ សម្តេចតេជោ ជឿជាក់ ថា មូលនិធិ អាស៊ី នឹងយកទៅសិក្សាដើម្បីកសាងកម្មវិធី និងគម្រោងនានា ដែលស៊ីសង្វាក់ គ្នា ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាល អភិវឌ្ឍប្រទេសកម្ពុជា ឱ្យសម្រេចបានទៅតាមគោលដៅក្លាយ ជា ប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូល ខ្ពស់នៅ ឆ្នាំ ២០៥០៕

អត្ថបទដែលជាប់ទាក់ទង