ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្តមីស៊ីលបាលិស្ទីគស៊េរីថ្មីបំពាក់ក្បាលគ្រាប់ខ្នាតយក្ស

17

សេអ៊ូលឡប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដោយ បំពាក់ក្បាលគ្រាប់ខ្នាតយក្ស និងមីស៊ីលគ្រូស កាលពីថ្ងៃពុធម្សិលមិញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលអំពាវនាវឱ្យពង្រឹងសមត្ថភាពអាវុធទូទៅ និងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
KCNA បានស្រង់សម្ដីលោក គីម ជុងអ៊ុន ដែលបានបញ្ជាក់ថាការធ្វើតេស្ដ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអាវុធ គឺជារឿងចាំបាច់ ពីព្រោះតែការគំរាមកំហែងធ្ងន់ធ្ងរបង្កឡើង ដោយកងកម្លាំងខាងក្រៅ ចំពោះសន្តិសុខជាតិ។ កម្លាំងខាងក្រៅ ទោះលោក គីម មិនបានហៅឈ្មោះចំៗ តែគេដឹងថាលោកចង់សំដៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ វ៉ាស៊ីនតោន។
សេចក្ដីរាយការណ៍របស់ KCNA ទំនងជាសំដៅលើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃពុធម្សិលមិញ ដែលជាការធ្វើតេស្ដមីស៊ីលជាលើកទី២ ក្នុងរយៈពេលមួយសប្ដាហ៍។ កាលពីសប្ដាហ៍មុន កូរ៉េខាងជើង ក៏បានបញ្ចេញជាលើកដំបូងដែរនូវរូបភាពរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ខណៈលោក គីម អំពាវនាវឱ្យមន្ត្រីរបស់ លោកប្រឹងប្រែងក្នុងកិច្ចការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បើតាម KCNA មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់ កាលពីថ្ងៃពុធ គឺជាមីស៊ីលប្រភេទ Hwasongpho-11-Da-4.5 អាចបំពាក់ក្បាលគ្រាប់ធម្មតាខ្នាតយក្ស ទម្ងន់ ៤.៥តោន។ ការធ្វើតេស្ដដឹកនាំដោយលោក គីម ជុងអ៊ុន ក៏មានផងដែរការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រើប្រាស់ក្នុង ការប្រយុទ្ធនៅលើសមរភូមិ៕

អត្ថបទដែលជាប់ទាក់ទង