ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានរដ្ឋសភាវៀតណាម និងឡាវ ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញានេះតទៅ

50

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើលិខិតរួមមួយជូនទៅ ប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាឡាវ ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
ក្នុងសារលិខិតសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញោះជូន លោកបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋធានីហាណូយ បានឱ្យដឹងថា៖ «យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជម្រាប ជូន ឯកឧត្តមប្រធានទាំងពីរ មេត្តាជ្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ»។
ឆ្លៀតក្នុងឱកាសនេះ សម្តេចបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នាពេលកន្លងមក។
សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា-ឡាវ-វៀតណាាម ដែលបានផ្តល់នូវសមិទ្ធផល ជាវិជ្ជមានដ៏ច្រើនឥតគណនា ដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ជាពិសេសប្រជាជនរស់នៅក្នុងបណ្តាខេត្តនៃ តំបន់ត្រីកោណអភិវឌ្ឍន៍។
សម្តេចបានបញ្ជាក់ថា៖ «សម្រាប់អនាគតខាងមុខ យើងរក្សាការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការជាប្រពៃណី តាមរយៈក្របខណ្ឌទ្វេភាគី និងយន្តការពហុភាគីបន្ថែមទៀត»៕

អត្ថបទដែលជាប់ទាក់ទង