ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ថា មិនអាចបណ្តោយឱ្យអ៉ីស្រាអែល បន្តការវាយប្រហារលើក្រុមចលនាប្រដាប់អាវុធ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ

10

តេហេរ៉ង់៖ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយថា អ៉ីស្រាអែលមិនគួរត្រូវបានអនុញ្ញាតឱ្យ ធ្វើការវាយប្រហារមកលើប្រទេស ដែលមានចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ម្តងហើយម្តងទៀតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។

នៅក្នុងការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Pezeshkian គូសបញ្ជាក់ថា «យើងមិនគួរទុកឱ្យអ្នកប្រយុទ្ធលីបង់ ស្ថិតក្នុងសមរភូមិតែឯង ហើយបណ្តោយឱ្យអ៉ីស្រាអែល បើកការវាយប្រហារមកលើបណ្តាប្រទេស ដែលមានចលនាប្រដាប់អាវុធ ជាសម្ព័ន្ធមិត្តរបស់យើង ម្តងមួយៗនោះឡើយ»។ ខណៈមេបញ្ជាការងនៃកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Abbas Nilforoushan ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដែលបានសម្លាប់មេដឹកនាំហេសបូឡាដែរនោះ លោក Pezeshkian បន្ថែមថា «យើងមិនអាចទទួលយកសកម្មភាពដូចនេះបានទេ ហើយក៏មិនទុកឱ្យពួកគេមិនទទួលបានការឆ្លើយតបនោះដែរ។ ប្រតិកម្មធ្ងន់ធ្ងរត្រូវតែធ្វើឡើងដាច់ខាត»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហ៊ូទី នៅប្រទេសយេម៉ែន ដែលជាការប្រឈមមុខដាក់គ្នាថ្មីមួយទៀត ជាមួយសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅក្នុងតំបន់ ក្រោយការសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah នៅឯលីបង់៕

អត្ថបទដែលជាប់ទាក់ទង