ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្តក្រុងដឹកសិស្សសាលា និងគ្រូបង្រៀនសរុប៤៤នាក់ នៅប្រទេសថៃ ក្នុងនោះ២៥នាក់ ទំនងជាបាត់បង់ជីវិត

12

បាងកក៖មន្រ្តីរដ្ឋាភិបាលថៃបានឱ្យដឹងថា មនុស្សប្រហែល២៥នាក់ ទំនងជាបានបាត់បង់ជីវិត នាថ្ងៃអង្គារនេះ នៅពេលរថយន្តក្រុងដឹកសិស្សសាលា និងគ្រូបង្រៀន ១គ្រឿង បានរងការឆាបឆេះ នៅជាយទីក្រុងបាងកក ខណៈអ្នកដំណើរ ១៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤។

ខាងប៉ូលិសថៃមិនទាន់អាចបញ្ជាក់ច្បាស់លាស់ អំពីតួលេខអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ប៉ុន្តែរដ្ឋមន្រ្តីមហាផ្ទៃថៃ លោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សប្រហែល២៥នាក់ ដែលធ្វើដំណើរនៅលើរថយន្តនោះ ត្រូវជឿថា ទំនង ជាបានបាត់បង់ជីវិត ខណៈលោកមិនបានបកស្រាយអ្វីបន្ថែមនោះទេ។ រី ឯរដ្ឋមន្រ្តីដឹកជញ្ជូនថៃ លោក Suriya Juangroongruangkit បាននិយាយថា សិស្សសាលា១៦នាក់ និងគ្រូបង្រៀន៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតមានឡើងនៅក្នុងខេត្ត Pathum Thani ជាប់ជាយក្រុងបាងកក។ រថយន្តនោះ ដែលផ្ទុកអ្នកដំណើរសរុប៤៤នាក់ ក្នុងនោះ៣៨នាក់ជាសិស្ស និង៦នាក់ជាគ្រូបង្រៀន ទើបតែត្រឡប់ពីធ្វើដំណើរទស្សនកិច្ចសិក្សាមួយ នៅឯខេត្ត Uthai Thani ចម្ងាយប្រហែល២៥០គីឡូម៉ែត្រ ពីភាគខាងជើងបាងកក។ នាពេលនេះ អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងហើយ ប៉ុន្តែក្រុមភ្នាក់ងារសង្រ្គោះ ត្រូវរង់ចាំឱ្យរថយន្តចុះត្រជាក់សិន មុនចាប់ផ្តើមការស្វែងរុករកសាកសពជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង