ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយដ្រូនទ្រង់ទ្រាយធំ បំផ្លាញអគារជាច្រើន

13

ម៉ូស្គូ៖កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនទ្រង់ទ្រាយធំមួយ ពេញមួយយប់លើតំបន់ចំនួន ១៥ នៃប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យខូចខាតអគារពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើន ខណៈមិនទាន់មានរបាយការណ៍ភ្លាមៗអំពីជនរងគ្រោះនៅឡើយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។
កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ៧៨ គ្រឿង ក្នុងចំណោម ១០៥ គ្រឿង។
នៅរដ្ឋធានីកៀវ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើកប្រហែល ១៥ គ្រឿង។ កំទេចកំទីយន្តហោះទាំងនោះបានធ្លាក់ក្នុងសង្កាត់ Desnianskyi ប៉ុន្តែមិនបានបង្កអគ្គីភ័យទេ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះបានបង្កឱ្យមានអគ្គីភ័យនៅក្នុងស្រុកចំនួនបីផ្សេងទៀតនៃតំបន់កៀវ។
បើតាមប្រភពដដែលនេះ នៅតំបន់ Odesa ភាគខាងត្បូង ការវាយប្រហារបានបំផ្លាញបណ្តាញថាមពលអគ្គីសនី ដែលបណ្តាលឱ្យប្រជាជនជាង ៣,០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់។ នៅតំបន់ Poltava ភាគកណ្តាល យន្តហោះដ្រូនរបស់រុស្ស៊ីបានបំផ្លាញអគារពាណិជ្ជកម្មចំនួនប្រាំមួយ និងបំបែកបង្អួចនៅក្នុងអគារលំនៅដ្ឋាន និងសាលាមត្តេយ្យមួយ។ ការវាយប្រហារស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ Kirovohrad និង Cherkasy ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង