ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិសេកឆ្លង ព្រះពុទ្ធប្បដិមាអភយមុទ្រ កម្ពស់៤៩,៩ម៉ែត្រ ក្នុងវត្តកែវវិជ័យ ខេត្តពោធិ៍សាត់ ដែលមានតម្លៃជាង៤៥ម៉ឺនដុល្លារ

10

ពោធិ៍សាត់៖សមិទ្ធផលថ្មី នៃសំណង់ព្រះពុទ្ធប្បដិមាអភយមុទ្រ «ព្រះពុទ្ធទ្រង់ប្រទានអភ័យ ដល់មនុស្ស និងសត្វ»កម្ពស់៤៩,៩ម៉ែត្រ ក្នុងវត្តកែវវិជ័យ ស្ថិតក្នុងភូមិកែវជ័យ ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលមានតម្លៃជាង៤៥ម៉ឺនដុល្លារ ត្រូវបានប្រារព្ធពិធីបុណ្យអភិសេកឆ្លង និងប្រគេនចង្ហាន់ព្រះសង្ឃ ទូទាំងខេត្តពោធិ៍សាត់ ប្រមាណ២ពាន់អង្គ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។
ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្ដមស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវជា ខេង ស៊ុយសែម, ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវអាំង សុជាតា ខូយរីដា ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។
សម្រាប់ពិធីបុណ្យអភិសេកឆ្លង និងប្រគេនចង្ហាន់ព្រះសង្ឃ ទូទាំងខេត្តពោធិ៍សាត់ ត្រូវបានប្រារព្ធធ្វើអមជាមួយពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលមានរយៈពេល១៩ថ្ងៃពេញ ពោលគឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបជូនថា ព្រះពុទ្ធប្បដិមាអភយមុទ្រ «ព្រះពុទ្ធទ្រង់ប្រទានអភ័យ ដល់មនុស្ស និងសត្វ» ក្នុងវត្តកែវវិជ័យ ស្ថិតក្នុងភូមិកែវជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រារព្ធពិធីបុណ្យអភិសេកឆ្លងនាថ្ងៃនេះ គឺជាព្រះគំនិតផ្តួចផ្តើមដោយ ព្រះព្រហ្មាភិរ័ត កែវ កន (រតនបញ្ញោ) ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត ព្រះចៅអធិការវត្តកែវវិជ័យ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យពោធិ៍សាត់។
ព្រះអង្គបានផ្តួចផ្តើមកសាង ដោយចាប់ផ្តើមកសាង ពីថ្ងៃសៅរ៏ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ អស់រយៈពេល០២ឆ្នាំ ដោយចំណាយថវិកា សរុបចំនួន៤៥ម៉ឺនដុល្លារ (សែសិបប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិកគត់) ដែលបានមកពីការចូលរួម ពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ អាជីវករ សប្បុរសជន និងពុទ្ធបរិស័ទ ក្នុងខេត្ត និងក្រៅខេត្ត។
ក្នុងនោះដែរ សម្រាប់ដំណើរការ នៃការកសាង ក៏មានការចូលរួមឧបត្ថម្ភថវិកា ពីសំណាក់៖
ទី១៖ ឯកឧត្ដមស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ 
ទី២៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់
ទី៣៖ ឯកឧត្ដមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ៕

អត្ថបទដែលជាប់ទាក់ទង