ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

22

ភ្នំពេញ៖នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលមានតួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនាពេលកន្លងទៅនេះ រួមមាន៖
-១៖ ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
-២៖ កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេរូ កងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។
-៣៖ កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ៕

អត្ថបទដែលជាប់ទាក់ទង